ក្រសួងផែនការ បានប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor Portal) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ដែលជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម។
កម្មពិធីប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ជាផ្លូវការនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ នៅសណ្ឋាគារ SUN & MOON ។
ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានថ្លែងថា តាងនាមក្រសួងផែនការ និងក្នុងនាមឯកឧត្តមផ្ទាល់ ពិតជាមានមោទកភាពចំពោះសមិទ្ធផលទាំងឡាយ ជាពិសេសការធ្វើឌីជីថលូបនីយកម្មលើយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាជំហានៗក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ដែលប្រែក្លាយរំហូរការងារពីការធ្វើកិច្ចការដោយដៃ រហូតដល់ការធ្វើកិច្ចការតាមប្រព័ន្ធឌីជីថលទាំងស្រុង។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការដាក់ឱ្យដំណើរការ “ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា” នាថ្ងៃនេះ ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ពោល គឺ ធ្វើទំនើបកម្ម និងសុខដុមនីយកម្មផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធអេកូឡូស៊ីគាំពារសង្គមឌីជីថលរួមនៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមឆ្នាំ២០២៤-២០២៨។

ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានបញ្ជាក់ដូច្នេះថា ៖«ការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ»។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់, និងឈ្លាសវៃ ប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់យកមនុស្សជាអាទិភាពគន្លឹះទី១ ដែលត្រូវបានរំលេចយ៉ាងច្បាស់នៅក្នុងបញ្ចកោណទី១ និងបំពេញបន្ថែមដោយបញ្ចកោណទី៣ ទី៤ និងទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ជាគោលដៅចម្បង តាមរយៈការបន្តលើកកម្ពស់សុខភាពនិងសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីកាត់បន្ថយភាពក្រីក្រ វិសមភាព និងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ការដាក់ឱ្យដំណើរការជាផ្លូវការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀតក្នុងការបន្តអភិវឌ្ឍ និងការធ្វើបន្តធ្វើទំនើបកម្មឱ្យកាន់តែមានប្រសិទ្ធភាព ប្រទាក់ក្រឡាគ្នាល្អ និងឆ្លើយតបទាន់ពេល ចំពោះតម្រូវការរបស់ពលរដ្ឋ ហើយក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានកំណត់ បច្ចេកវិទ្យាជាអាទិភាពគន្លឹះទី៥ ដោយមានបញ្ចកោណទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ចំពោះការដាក់ឱ្យដំណើរការ IDPoor Portal លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១-ការធ្វើសុខដុមនីយកម្មមុខងារ IDPoor លើថ្នាលឌីជីថលរួមនៃប្រព័ន្ធគាំពារសង្គមកម្ពុជា បានពង្រីកមុខងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមាននៅលើ Tablet មកដំណើរការនៅលើគ្រប់ឧបករណ៍ឌីជីថល ពិសេសដំណើរការលើឧបករណ៍ចុះបញ្ជីរួមដែលត្រូវបានបំពាក់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម នៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស និងបញ្ចូលការប្រើប្រាស់មុខងារទំនើបនៃថ្នាល DSPP ដើម្បីជាជំនួយក្នុងការចុះបញ្ជី ស្វែងរកទិន្នន័យ អត្តសញ្ញាណ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យពលរដ្ឋគោលដៅកាន់តែងាយស្រួល និងស្របតាមស្តង់ដារួម។
ទី២-ការពង្រឹងការធ្វើអន្តរប្រតិបត្តិការ និងការផ្ទៀងផ្ទាត់ទិន្នន័យបែបឌីជីថល នឹងរួមចំណែកពង្រឹងការតភ្ជាប់ និងការធ្វើអន្តរប្រតិបត្តិការរវាងទិន្នន័យ IDPoor ជាមួយមូលដ្ឋានទិន្នន័យ ចុះបញ្ជីគាំពារសង្គមនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រព័ន្ធអត្តសញ្ញាណកម្មរួម របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ព្រមទាំងមូលដ្ឋានទិន្នន័យជាច្រើនទៀតរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ព័ត៌មានគ្រួសារ និងការគណនាកម្រិតនៃភាពក្រីក្រ ឱ្យបានកាន់តែសុក្រឹត និងមានតម្លាភាព ព្រមទាំងឆ្លើយតបទៅនឹងស្មារតីសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីខែមិថុនា ឆ្នាំ២០២៥។
ទី៣-ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើទំនើបកម្មផតថល IDPoor ក្នុងដំណាក់កាលថ្មីនេះ នឹងជំរុញ ក៏ដូចជាពន្លឿនដំណើរការនៃការចុះបញ្ជី និងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយប្រើប្រាស់មុខងារ ស្វែងរករហ័ស ឬ ហៅថា Fast Search, មុខងារទាញយកព័ត៌មានចេញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ ឬ ហៅថា OCR ដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានស្រាប់លើថ្នាលឌីជីថល DSPP។
ទី៤-ការពង្រឹងសមត្ថភាពរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះអាសន្ន ជួយបង្កើនសមត្ថភាពឆ្លើយតបរបស់រាជរដ្ឋាភិបាលទៅនឹងគ្រោះអាសន្ន និងវិបត្តិនានា ដូចជារៀបចំអន្តរាគមន៍គោលនយោបាយគាំពារសង្គម ប្រកបដោយភាពឆាប់រហ័ស និងមានប្រសិទ្ធភាព ពឹងផ្អែកលើមូលដ្ឋានទិន្នន័យដែលអាចធ្វើអន្តរប្រតិបត្តិការរវាងគ្នានឹងគ្នា ព្រមទាំងគាំទ្រដល់ការសម្រេចចិត្តផ្អែកលើទិន្នន័យ ក្នុងការដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម ជាបន្តបន្ទាប់។
ចុងក្រោយ ឯកឧត្តមបានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ កែលម្អគុណភាពទិន្នន័យ និងអនុវត្តប្រព័ន្ធឌីជីថលនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋបានល្អប្រសើរឡើង។

កម្មពិធីខាងលើនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រធានមន្ទីរផែនការរាជធានី ខេត្ត អញ្ជើញចូលរួម៕
អត្ថបទ៖ ប៊ី


