ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖

១- សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖

ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០% ទៅជា “អាករលើតម្លៃបន្ថែមអត្រា៤%។

ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិត នៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤%។

គ- អាករលើតម្លៃបន្ថែមអត្រា១០% និង/ឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុក នូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់ អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ និង/ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។

ដោយឡែក ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ត្រូវអនុវត្ត ស្របតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។

២- អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាម អនឡាញ (e-Filing) ) ដោយមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសេវា អតប អត្រា៤% ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ។

៣- សេចក្តីណែនាំនេះមានសុពលភាពអនុវត្តគិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រាសនាំចូល និងចែងចាយបន្តនូវផលិតផល តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវអនុវត្តតាមខ្លឹមសារនៃ សេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទ៖ ប៊ី