ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ស្ថិតភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់គម្រោង ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់លោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាក្នុងខេត្ត តំណាងប្រធានក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
មានប្រសាន៍ស្វាគមន៍ទៅកាន់ពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែងពីតំបន់សក្កដានុពលនានាដែលខេត្តសម្រេចបានតាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ គម្រោងផែនការរបស់មន្ទីរ ជំនាញ ថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការគាំទ្ររបស់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំង ធនធានថវិការបស់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ រួមមាន ផ្លូវក្នុងក្រុង ផ្លូវតភ្ជាប់ទៅកាន់ទីរួមស្រុក និងផ្លូវជនបទមួយចំនួននៅក្នុងខេត្ត ត្រូវបានកសាង ជួសជុល និងកែលម្អជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ដឹកការជញ្ជូនទំនិញ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានសុវត្ថិភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ រដ្ឋបាលខេត្តដោយមានការឧបត្ថម្ភគាំទ្រពីវិស័យឯកជន បាននិងកំពុងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រើពន្លឺព្រះអាទិត្យប្រភេទអំពូល Solar LED ចំនុ ១.៨០០ដើម នៅអម នៅអមសងខាងកំណាត់ផ្លូវជាតិលេខ១ ពីគីឡូម៉ែត្រលេខ១២៥ ក្រុងស្វាយរៀង ជាតិលេខ១៨ ចាប់ពីគីឡូម៉ែត្រលេខ០០ ដល់គីឡូម៉ែត្រលេខ១៥៩ ក្រុងបាវិត នឹងកំណាត់ផ្លូវជាតិលេខ១៨ ដល់គីឡូម៉ែត្រលេខ០២+២៤០ ក្នុងស្រុកស្វាយទាប ព្រមទាំងបានរៀបចំដំឡើង ភ្លើងសញ្ញាចរាចរណ៍មួយទីតាំងបន្ថែមទៀតនៅលើផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង ។
សូមបញ្ជាក់ជូនថា សម្រាប់អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមដែលបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។ គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។

ទន្ទឹមនេះ ទីលានត្រូវបានរចនាឡើងជា ៥រណ្តៅ ចែកជា ៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ឆ្នាំកន្លះ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត៕
អត្ថបទ៖ ប៊ី


