ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងអាជីវកម្មខ្នាតតូច

ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងអាជីវកម្មខ្នាតតូច តាមរយៈប្រព័ន្ធបង់ប្រាក់ឌីជីថលដូចជា KHQR ឬ Bakong ដែលមានភាពរហ័ស ចំណាយទាប និងមិនបារម្ភពីរឿងខាតបង់លើអត្រាប្តូរប្រាក់ឡើយ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។

ក្នុងសិក្ខាសាលាស្តីពី «សារៈសំខាន់នៃប្រាក់រៀល៖ ការយល់ដឹងពីរូបិយវត្ថុក្នុងសេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំធ្វើនៅវិមានរដ្ឋសភានា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម បានថ្លែងថា ប្រាក់រៀលមិនត្រឹមតែជាមធ្យោបាយទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាដួងព្រលឹង និងជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្ដល់លទ្ធភាពឱ្យធនាគារជាតិនៃកម្ពុជា គ្រប់គ្រងអត្រាការប្រាក់ និងបរិមាណសាច់ប្រាក់បានកាន់តែមានប្រសិទ្ធភាព។

តាមដានជាមួយយើង៖ Million Times

ក្នុងឱកាសនោះ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់ថា ការចរាចរប្រាក់រៀលបច្ចុប្បន្នមានការកើនឡើងប្រមាណ ១២% ក្នុងមួយឆ្នាំ គ្រាដែលប្រាក់រៀលមានតម្លៃថេរជិត ២ទសវត្សរ៍មកហើយ ដែលជាកត្តាចម្បងក្នុងការបង្កើតទំនុកចិត្តដល់សាធារណជន។

ជាមួយគ្នានេះ ឯកឧត្តមទេសាភិបាលរង បានសង្កត់ធ្ងន់ថា ការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ គឺជាយុទ្ធសាស្ត្រដើម្បីការពារកម្ពុជាពីការប៉ះទង្គិចសេដ្ឋកិច្ច ដែលកើតចេញពីប្រទេសប្រើប្រាស់ប្រាក់ដុល្លារ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានលើកឡើងដែរថា សិក្ខាសាលានេះប្រារព្ធឡើងចំពេលខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (១៩៨០-២០២៦)។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ការលើកកម្ពស់ប្រាក់រៀល គឺជាការជួយលើកកម្ពស់សាមគ្គីភាពជាតិ និងស្មារតីជាតិនិយម»។

សូមបញ្ជាក់ដែរថា សិក្ខាសាលាដែលរដ្ឋសភាសហការជាមួយធនាគារជាតិនៃកម្ពុជានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងនិស្សិតប្រមាណ ៤០០នាក់ មកពីសាកលវិទ្យាល័យចំនួន៤ ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់កាន់តែច្បាស់ពីតួនាទីប្រាក់រៀលក្នុងពាណិជ្ជកម្ម និងស្ថិរភាពរូបិយវត្ថុ។

តាមរយៈអង្គសិក្ខាសិលានេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិននិងការធ្វើបទបង្ហាញផងដែរពីឯកឧត្តម ទេព ភិយ្យោរិន្រ្ទ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ,ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកក.ប.ប នៃក្រសួងពាណិជកម្ម , ឯកឧត្តមបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិ, លោកជំទាវ កុល ធារិន, ឯកឧត្តម ជាម ប៉េអា និង លោក អ៊ឺង ហាន តំណាង The SEED Cambodia ។

តាមរយៈបទបង្ហាញពិស្តារពីអង្គសិក្ខាសិលានេះអង្គសិក្ខាសាលាបានយល់ស្របគ្នាថា ការប្រើប្រាស់រូបិយប័ណ្ណជាតិ (ប្រាក់រៀល) មិនត្រឹមតែផ្ដល់នូវអធិបតេយ្យសេដ្ឋកិច្ច និងស្ថិរភាពអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍គោលនយោបាយដ៏រឹងមាំក្នុងការគ្រប់គ្រងអតិផរណា និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឱ្យមានចីរភាពក្នុងឆាកអន្តរជាតិផងដែរ៕

អត្ថបទ៖ ប៊ី