កាលពីយប់ថ្ងៃ ១៩ ខែមីនា ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ រៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោះស្រាយបញ្ហាការចំណាយរបស់កម្មករកម្មការិនី។

នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំលោក ហេង សួរ ឲ្យ រៀបចំកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីការឡើងថ្លៃនៃប្រេងឥន្ធនៈ។
ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងឲ្យកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើរនៅក្នុងរយៈពេលអន្តរកាលនេះឲ្យបានឆាប់បំផុត។


សម្ដេចធិបតី សង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបានចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបានភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជាផង៕
អត្ថបទ៖ឆដា, រូបភាព៖ អ៊ីនធឺណេត


