កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត ដែលមានទឹកប្រាក់ប្រមាណ ២២ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។
នៅក្នុងលិខិត ប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោងខាងលើ ដែលបានចុះហត្ថលេខាលើកដំបូងកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នឹងកើនពី ៣.៤២១ លានយ៉េន (ប្រមាណ ២២លានដុល្លារអាម៉េរិក) ទៅ ៣.៥៦៨ លានយ៉េន (ប្រមាណ ២៣លានដុល្លារអាម៉េរិក)។
ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

គួរបញ្ជាក់ផងដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញទឹកស្អាតបន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រនៅក្នុងឆ្នាំ២០២៥ បង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។
បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង៥៣ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
ទន្ទឹមនេះ រដ្ឋាភិបាល បាននិងកំពុងពន្លឿនការពង្រីកបណ្តាញដើម្បីឱ្យប្រជាជន ១០០% ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់យ៉ាងយូរត្រឹមឆ្នាំ២០២៨៕
អត្ថបទ៖ ប៊ី


