ជីកសិកម្មផលិតក្នុងស្រុក ជួយកាត់បន្ថយចំណាយលើការនាំចូលជាង ១៧ លាន​ដុល្លារ

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​ក្នុង​ស្រុក បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​លើ​ចំ​ណាយ នៃ​ការ​នាំចូល​ជី​កសិកម្ម​ពី​ក្រៅ​ប្រទេស​បាន​ប្រមាណ​ជាង ១៧ លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥។ ​

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​លក្ខណៈ​សិប្បកម្ម​ខ្នាត​តូច ២៥ ក្រុមហ៊ុន ដែល​មាន​សមត្ថភាព​ផលិត​ជី​សរីរាង្គ​បាន​សរុប​រហូត​ដល់ ១៨ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ដោយឡែក កាលពី​ឆ្នាំ ២០២៥ ក្រុម​ហ៊ុន​​ផលិត​ជី​តាម​ការ​បញ្ជា​ទិញ​របស់​កសិករ​ក្នុង​ស្រុក​សរុប ៧០ ០០០តោន មាន​តម្លៃ​ប្រមាណ​ជា ១៧.៥ លាន​ដុល្លារ​ ដែល​ភាគច្រើន​ជា​ជី​សរីរាង្គ។ ការ​ផលិត​ជី​កសិកម្ម​ក្នុង​ស្រុក​នេះ បាន​រួម​ចំណែក​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ លើ​ការ​នាំ​ចូល​ជី​កសិកម្ម​ពី​ក្រៅ​ប្រទេស​បាន​មួយ​ចំណែក ហើយ​បង្កើន​ការ​ប្រកួតប្រជែង​ក្នុង​ស្រុក​ផង​ដែរ។



សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​ខ្នាត​តូច​ខាង​លើ ភាគច្រើន​មាន​លក្ខណៈ​ជា​សិប្បកម្ម​ផលិត​ជី​សរីរាង្គ និង​ពាក់​កណ្ដាល​សរីរាង្គ​ ដោយ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន​ខ្នាត​មធ្យម និង​ធំ ដូចជាក្រុមហ៊ុន ម៉ុង ឬទ្ធី និង​ក្រុមហ៊ុន វីរៈ ប៊ុនថំា នៅឡើយ។

គួរ​រំលឹក​ថា ការប្រើប្រាស់​ជី​សរីរាង្គ​ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​មាន​ការ​រីក​លូតលាស់​យឺត​ជាង​ការ​ប្រើប្រាស់​ជី​គីមី ប៉ុន្តែ​ជី​សរីរាង្គ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​កសិករ រួមមាន​ការ​កែប្រែ​គុណ​ភាព​ដី កែប្រែ​គុណភាព​ផលិតផល​កសិកម្ម និង​ជួយ​ដល់​សុខភាព​មនុស្ស​ដែល​ជាអ្នកទទួលទានទៀតផង៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត