បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន គឺជាផលិតផលទេសចរណ៍ថ្មីប្រកបដោយនវានុវត្តន៍ និងផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរកម្ពុជា ចិន និងអន្តរជាតិមកទេសចរនៅកម្ពុជា ពិសេសភ្ញៀវទេសចរអាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីដាក់ឱ្យដំណើរការ “សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន” ដែលរៀបចំឡើងដោយធនាគារ Bank of China សាខាភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។
កម្មពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ Zhong Jie អគ្គទីប្រឹក្សា ការិយាល័យ សេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា, លោក Sun Yu នាយកប្រតិបត្តិនៃធនាគារ Bank of China សាខាហុងកុង លោក អ៊ុក សារ៉ាត់ តំណាងធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីស្ថាប័នរដ្ឋ ឯកជន ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ហិរញ្ញវត្ថុ និងដៃគូអាជីវកម្មជាច្រើន នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនៃកម្មវិធីដ៏សំខាន់នេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងការបង្កើតបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិនដែលផ្តល់នូវភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ឬ អ្នកធ្វើដំណើរចិន ឬ អន្តរជាតិដែលអញ្ជើញមកដល់កម្ពុជា អាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។
ការផ្តល់សេវាកម្មនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត និងគួរជាទីមោទនៈរបស់រដ្ឋាភិបាលកម្ពុជា និងចិនលើការធ្វើបរិវត្តកម្មឌីជីថលលើផ្នែកទេសចរណ៍ ហរិញ្ញវត្ថុ និងប្រព័ន្ធទូទាត់ឆ្លងប្រទេស (QR) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជាអាទិភាព ដែលមានគោលដៅរួមគឺការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងជាយន្តការថ្មីជួយបង្កើនសន្ទុះយុទ្ធនាការទេសចរណ៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

ឆ្លៀតក្ន្ងងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងបន្តឥតឈប់ឈររបស់ស្ថានទូតចិនប្រចាំកម្ពុជា និងធនាគារចិន សាខាភ្នំពេញ ជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយរបស់ក្រសួងទេសចរណ៍ ក្នុងការជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាមានការធានាផ្តល់ជូននូវសុខសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរអន្តរជាតិ និងធុរជនបរទេសដែលកំពុងស្នាក់នៅ ទស្សនា និងធ្វើដំណើរនៅកម្ពុជាជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលជាអ្នកដឹកនាំបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ជូនថា ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន និងបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន មិនត្រឹមតែជំរុញការទូទាត់ដោយពុំប្រើសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកធ្វើទំនើបកម្ម និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍តាមបែបឌីជីថល និងឱ្យកាន់តែសម្បូរបែបឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិជំរុញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគកាន់តែច្រើន៕
អត្ថបទ៖ ប៊ី


