ឥណ្ឌា​ស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មផ្នែកឱសថនៅកម្ពុជា

គណៈប្រតិភូ​ឥណ្ឌា ដែលដឹកនាំដោយក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញ​ឱសថឥណ្ឌា (Pharmexcil) បាន​នាំ​ក្រុមហ៊ុន​ឱសថ​ឥណ្ឌាល្បីៗ ៥៦ មកទស្សនាប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ ៤ ខែមីនា ឆ្នាំ ២០២៦ នេះ វេទិកាឱសថឥណ្ឌា-កម្ពុជា និងអន្តរកម្ម B2B ត្រូវបានប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ដោយ​​មាន​​ការចូលរួមពីភាគីពាក់ព័ន្ធកម្ពុជា​ជាង ១០០ នាក់​មក​ពី​វិស័យឱសថ និង​ថែទាំ​សុខភាព​ផង​ដែរ។ ព្រឹត្តិការណ៍​នេះ​បាន​ផ្ដល់​វេទិកា​សំខាន់​មួយ​សម្រាប់​ការ​ចូលរួម​ប្រកប​ដោយ​ស្ថាបនា ដែល​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​ឧស្សាហកម្ម​មកពី​ប្រទេស​ទាំង ២ ស្វែង​យល់​ពី​ឱកាស​អាជីវកម្ម ពង្រឹងភាពជាដៃគូ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឱសថ។

ការ​ជួប​ប្រជុំ​គ្នា​រវាង​ខាង​ភាគី​ឥណ្ឌា និង​កម្ពុជា​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ការ​នាំ​ចេញ​ឱសថ​នៃ​ប្រទេស​ឥណ្ឌា (Pharmexcil) ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​សំខាន់​មួយ ​សម្រាប់​លើក​កម្ពស់​ផលិតផល​ឱសថ​ឥណ្ឌា​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​ភ្នំពេញ។

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកា និងជំនួបផ្គូផ្គងធុរកិច្ចឥណ្ឌា-កម្ពុជា​ក្នុង​វិស័យ​ឱសថ​ក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ឥណ្ឌា ប្រចាំ​​កម្ពុជា និង​​មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សមាគម វិស័យ​ឯកជន​​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រូប​នា​ប្រទេស​ទាំង ២។

ជំនួប​ផ្គូផ្គង​ធុរកិច្ច​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ឥណ្ឌា ក្នុង​វិស័យ​ឱសថ​ដោយ​អ្នក​ចូលរួម​ក្នុង​វេទិកា​នេះសុទ្ធសឹងជាជាធុរជន វិនិយោគិន និងភាគីពាក់ព័ន្ធអញ្ជើញមកពីវិស័យសុខាភិបាល វេជ្ជសាស្ត្រ និងឱសថ ដើម្បី​កសាង​បណ្ដាញ​ទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសក្នុងការចាប់ដៃគូគ្នាទៅវិញទៅមក៕

អត្ថបទ៖ ឆដា, រូបភាព៖ India in Cambodia និងសមាគមឧកញ៉ាកម្ពុជា