សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូប បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើត យីហោខ្មែរ ផលិតផលខ្មែរ Tablets ខ្មែរ «K Haitech» ពិសេសសម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន KH Haitech បង្កើតរោងចក្របង្គុំឱ្យបានកាន់តែឆាប់រហ័សនៅកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន KH Haitech និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ SAM SN GROUP បានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃពុធ ទី៤ មីនា ២០២៦។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងាករចូលទស្សនកិច្ចស្តង់បង្ហាញផលិតផល របស់ក្រុមហ៊ុន KH Haitech ដែលគ្រោងបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) ដោយបង្កើត យីហោខ្មែរ ផលិតផលខ្មែរ Tablets ខ្មែរ «K Haitech»។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានថ្លែងថា ប្រមុខថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគាំទ្រ និងលើកទឹកចិត្តដល់សហគ្រិនខ្មែរគ្រប់រូបក្នុងការបង្កើត យីហោខ្មែរ ផលិតផលខ្មែរ ជាពិសេស សម្តេចធិបតីលើកទឹកចិត្តឱ្យមាន Tablets ខ្មែរ «K Haitech» ក្នុងការបង្កើតរោចក្របង្គុំឱ្យបានកាន់តែឆាប់រហ័សនៅកម្ពុជា។
ទន្ទឹមនេះ អ្នកឧកញ៉ាបណ្ឌិត បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ដែលបានផ្តល់កិត្តិយសចូលទស្សនៈកិច្ចស្តង់បង្ហាញផលិតផល របស់ក្រុមហ៊ុន KH Haitech និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបរដ្ឋមន្រ្តីដែលតែងតែគាំទ្រ និងលើកទឹកចិត្តសហគ្រិនខ្មែរ ក្នុងការបង្កើតផលិតផលខ្មែរ ដំឡេីងបង្គុំនៅកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានថ្លែងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គឺជាកំលាំងចិត្តជំរុញឱ្យខ្ញុំបាទជាសហគ្រិនខ្មែរខិតខំប្រឹងប្រែងបង្កើតផលិតផលខ្មែរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ាបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់កិត្តិយសចូលទស្សនៈកិច្ចស្តង់បង្ហាញផលិតផល របស់ក្រុមហ៊ុន KH Haitech និងសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តីដែលតែងតែគាំទ្រ និងលើកទឹកចិត្តសហគ្រិនខ្មែរ ផលិតផលខ្មែរ។
សូមបញ្ជាក់ផងថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿ ប្រមាណ១០លានដុល្លារ បង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) ដែលជារោងចក្រដំបូងគេនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា។
អ្នកឧកញ៉ាបណ្ឌិត បានឱ្យដឹងនាពេលកន្លងមកថា ឧបករណ៍អេឡិចត្រូនិក (tablet) ដែលដំឡើងនេះ គឺដាក់ម៉ាកសញ្ញាកម្ពុជាតែម្តង ដោយមិនទិញហ្រ្វេនឆាយពីបរទេសឡើយ ប៉ុន្តែការដំឡើងគឺនាំយកបច្ចេកវិទ្យាពីក្រុមហ៊ុន ហាយតិច ដែលជាបុត្រសម្ព័ន្ធហាយគ្រុប ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់ លើការផលិតឧបករណ៍អេឡិចត្រូនិក។
អ្នកឧកញ៉ាបណ្ឌិត បានថ្លែងថា ការបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) នេះ ដោយមើលឃើញថា កម្ពុជា ជាពិសេសសិស្សានុសិស្សមានតម្រូវការឧបករណ៍អេឡិចត្រូនិក (tablet) សម្រាប់រៀនសូត្រ ដូច្នេះហើយទើបលោក សម្រេចបង្កើតរោងចក្រដំឡើង ថេប្លេត (tablet) ដែលមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។
អ្នកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា ក្នុងដំណាក់កាលដំបូង រោងចក្រនេះ ចំណាយទុនប្រមាណ ១០ លានដុល្លារ ដោយគ្រោងផលិតប្រមាណ១ម៉ឺនគ្រឿង សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា៕










អត្ថបទ៖ ប៊ី


