ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍អាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលែងកូនក្តាមថ្ម ៤០០គីឡូក្រាម ស្មើនឹងកូនក្តាមប្រមាណ ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្ដារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

ប្រធាននាយកដ្ឋានអភិរក្ស និងតំបន់ឆ្នេរនិងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន លោក ស៊ុយ ធា បានឲ្យដឹងថា សកម្មភាពលែងក្តាមថ្មនាថ្ងៃនេះ ក្នុងគោលបំណងបង្កើនធនធានក្តាមថ្ម នៅក្នុងតំបន់សមុទ្រក៏ដូចជាការអប់រំណែនាំដល់សហគមន៍ចូលរួមថែរក្សាការពារធម្មជាតិ ដូចជា ព្រៃកោងកាង និងធនធានជីវចម្រុះនៅក្នុងព្រៃកោងកាង នៅក្នុងតំបន់ការពារធម្មជាតិ ឲ្យល្អប្រសើរ និងជាកន្លែងស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រ ក៏ដូចជាធនធាន ជីវចម្រុះនៅក្នុងតំបន់ព្រៃកោងកាង និងការដកហូតធនធានសមុទ្រប្រកបដោយចីរភាព។
ក្រៅពីលែងក្តាមពូជទាំងអស់នេះហើយ ប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាងបន្ថែមទៀត ដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើជាច្រើនលានដើម ចែកជូនដល់មហាជន យកទៅដាំដុះនៅតាផ្ទះ វត្តអារាម ឬទីសាធារណៈ និងដាំស្តារព្រៃសហគមន៍។ នៅឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រោងចែកកូនឈើ៥លានដើមបន្ថែមទៀត។ នេះជាការបញ្ជាក់ពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា បន្ថែមថាការពង្រឹងអភិរក្សធនធានធម្មជាតិនេះ មិនត្រឹមតែយន្តការបន្សាំនឹងការប្រែប្រួលអាកាសធាតុនោះ ពោលគឺជួយបង្កើនចំនួនធនធានជលផល និងទាក់ទាញអ្នកទេសចរណ៍ ដែលជួយអភិវឌ្ឍន៍ជីវភាពប្រជាជនផងដែរ៕





អត្ថបទ៖ឆដា, រូបភាព៖ Ministry of Environment


