ក្រសួងការងារ បង្ហាញរបាយការណ៍កំណើនអ្នកមានការងារធ្វើក្នុងស្រុក ២០២៥ ធៀបនឹងឆ្នាំ ២០២៤

នា​ព្រឹក​ថ្ងៃ ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៦ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​លើកឡើង​ថានៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេសថា ចំនួន​អ្នក​មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​កើន​ឡើង​ដល់​ប្រមាណ ១០,៧ លាន​នាក់ ឆ្នាំ ២០២៥ ឬ​កើន​ឡើង​ប្រមាណ ៨០ ម៉ឺននាក់ ធៀបឆ្នាំ ២០២៤ ដែល​ក្នុង​នោះ វិស័យ​កសិកម្ម​មាន​កម្លាំង​ពលកម្ម​ប្រមាណ ២,៨ លាន​នាក់, វិស័យ​ឧស្សាហកម្ម​ប្រមាណ ៣ លាននាក់ និង​សេវាកម្ម​ប្រមាណ ៤,៩ លាន​នាក់។

តាមដានជាមួយយើង៖ Million Times

លោក​រដ្ឋ​មន្ត្រី បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ពិធី​បើក «សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ២០២៥ និង​លើក​ទិសដៅ​ការងារ ឆ្នាំ២០២៦» របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ” លោក​មាន​មោទកភាព​ផង​ដែរ ដែល​ចំនួន​សហគ្រាស​ចុះបញ្ជី​មាន​ការ​កើន​ឡើង​ដល់ ៤៦ ៦៤៩ សហគ្រាស (កើន ១ ៨៥១) ដោយ​មាន​កម្មករនិយោជិតសរុបប្រមាណ ២,២ លាននាក់ (កើន ៤០១,៤៧៩ នាក់)។

ក្រសួង​ក៏​បាន​ដាក់​ចេញ​វិធានការ ក្នុង​ការ​ដោះស្រាយ​ការងារ​ជូន​បងប្អូន​ពលករ​តាមរយៈ​ការ​ពង្រឹង​បន្ថែម​ប្រព័ន្ធ​ឆ្លើយ​តប​បន្ទាន់១២៩៧ ដោយ​មាន​អ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និង​យុទ្ធនាការ “ខ្មែរ​ជួយ​រក​ការងារ​ឲ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយ​ជាច្រើន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ស្វែងរក​ការងារ។

គិតត្រឹមឆ្នាំ២០២៥ នេះមាន​អតីតពលករខ្មែរ មកពីប្រទេសថៃ សរុបប្រមាណ ៦២ ម៉ឺននាក់ បាន​ទទួល​ការងារ​ធ្វើ ដែល​​ប្រែក្លាយ​បញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ