កម្ពុជា នឹងចំណាយលុយជាង ៣ ពាន់លានដុល្លារ ទិញយន្តហោះ 737 MAX ជាច្រើនគ្រឿង ពីអាមេរិក

កម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Cambodia គ្រោងនឹងចំណាយទុនវិនិយោគជាង ៣ ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត ពីក្រុមហ៊ុន Boeing។​ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។

ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចម ធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦ នៅសហរដ្ឋអាមេរិក (ត្រូវនឹងសុក្រនៅកម្ពុជា)។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម Christopher Landau បានស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តម Christopher Landau បានថ្លែងដូច្នេះ ៖«យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត»។

ឯកឧត្តម បានបន្តថា ៖«កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក»។

សូមបញ្ជាក់ផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦” ៕

អត្ថបទ៖ ប៊ី