រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឲ្យដឹងនៅព្រឹកនេះថា កម្ពុជាបានបញ្ជាទិញឡបច្ចេកទេស សម្រាប់ដុតកាកសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ពីជប៉ុន កាលលោកដឹកនាំប្រតិភូទៅបំពេញបេសកកម្មលើទឹកដីជប៉ុន នាប៉ុន្មានថ្ងៃកន្លងទៅថ្មីៗ។

លោក អ៊ាង សុផល្លែត បានបន្តថា ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយបញ្ចប់បេសកកម្មនៅជប៉ុន ហើយមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «យើងបានទៅធ្វើទស្សនកិច្ចរោងចក្រផលិតឡសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ដែលជាឡមួយដុតទៅអត់មានផ្សែង។ ដុតទៅអត់មានផ្សែង មានតែចំហាយទឹកមកវិញ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសរសើរពីបច្ចេកទេសជប៉ុនមួយនោះ គ្រាបានទស្សនាផ្ទាល់ និងបានបញ្ជាទិញ ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរ។ ការបញ្ជាទិញនេះ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្រសួងបរិស្ថានជប៉ុន និងក្រុមហ៊ុនជប៉ុន នឹងជួយយើងឲ្យបានច្រើនគ្រឿង។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន គោលដៅរបស់យើង គឺធ្វើយ៉ាងណាឲ្យមួយស្រុកមានមួយគ្រឿង។ ឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក នឹងមិនប្រើប្រាស់ ថាមពលអគ្គិសនីនោះទេ ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ (Sola)។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន កម្ពុជា និងរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនបានឯកភាពគ្នាលើចំណុច ៦ រួមមាន ១ យន្តការឥណទានរួម ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស, ២ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន, ៣ ការគាំទ្រលើផែនការជាតិ ការបន្សាំនឹងការ ប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន, ៤ ការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គិសនីពីសំណល់, ៥ ការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និង ការផ្លាស់ប្ដូរបទពិសោធលើការគ្រប់គ្រងឧទ្យានជាតិ៕



អត្ថបទ៖ ឆដា, រូបភាព៖ អ៊ាង សុផល្លែតSophalleth


