ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តលើកទឹកចិត្តឱ្យ ក្រុមហ៊ុន IDECGROUP ASIA បង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ ដែលអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។
ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន។

សូមបញ្ជាក់ជូនថា៖ ក្រុមហ៊ុន IDECGROUP ASIA បង្កើតឡើងដោយការរួមសហការរវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុងការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់, ការផ្តល់ដំណោះស្រាយថាមពល, ឧស្សាហកម្មបៃតង, ភស្តុភារកម្ម។ល។ គោលបំណងនៃការជួបពិភាក្សានាពេលនេះគឺដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាក្នុងវិស័យដែលមានសក្តានុពលមួយចំនួន។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។

បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងនូវវិស័យមួយចំនួនដែលមានសក្តានុពល ដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ។ល។ ដើម្បីឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុនវិនិយោគទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ៕
អត្ថបទ៖ ប៊ី


