ARDB, CMA និងអង្គការ Water.org ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Water.org ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅទ្រទ្រង់ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងអំពីសារៈសំខាន់នៃធនធានទឹកក្នុងការទ្រទ្រង់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដែលជាកត្តាចម្បងក្នុងការគាំទ្រដល់ការរក្សាបាននូវសន្តិសុខស្បៀង, ការបង្កើនប្រាក់ចំណូលបន្ថែម, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតប្រតិភូ បានបង្ហាញអំពីការផ្សារភ្ជាប់ដ៏សំខាន់រវាងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងហិរញ្ញប្បទានបៃតង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រព័ន្ធផ្គត់ផ្គង់ទឹក សំដៅចូលរួមដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានភាពធន់។

នៅក្នុងដំណើរការនៃកិច្ចប្រជុំ, ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានកត់សម្គាល់ឃើញថា គម្រោងរបស់អង្គការ Water.org និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានសារៈសំខាន់ និងមានភាពជាប់ពាក់ព័ន្ធទៅនឹងហិរញ្ញប្បទានបៃតង ជាពិសេសការគាំទ្រដល់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារ ARDB តាមរយៈការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ដែលជាកម្មវិធីថ្នាក់ជាតិមានហិរញ្ញប្បទានសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងទទួលបានការអនុម័តពីមូលនិធិអាកាសធាតុបៃតងនៅប្រទេស Rwanda សម្រាប់ផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងបៃតង និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក លើគម្រោងអាជីវកម្មដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាលទ្ធផល អង្គប្រជុំបានបង្ហាញពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង ដែលជាចំណែកសំខាន់នៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលអាចឈានដល់៖ (១)ការរៀបចំអនុស្សរណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការ, (២) ការរៀបចំសិក្ខាសាលាថ្នាក់ជាតិដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងហិរញ្ញប្បទានបៃតង ជាពិសេសផ្តោតចម្បងលើកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF), និង (៣)ការសហការរួមគ្នាក្នុងការអភិវឌ្ឍគម្រោង និងការសិក្សាស្រាវជ្រាវនានាដែលពាក់ព័ន្ធ៕

អត្ថបទ៖ ប៊ី