ក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ មកពីប្រទេសឥណ្ឌា បានស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និង កសិឧស្សាហកម្ម ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ របស់ក្រុមហ៊ុន Geethika Developers Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ មកពីប្រទេសឥណ្ឌា និង ដែលមានបណ្តាញក្រុមហ៊ុនជាច្រើន រួមមាន Geethika Developers, Gates Infra និង Geethika Infra Developer កាលពីថ្ងៃសុក្រ កន្លងទៅ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ជាកិច្ចស្វាគមន៍, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យ និង វិស័យកសិកម្ម ហើយក្រុមហ៊ុននេះ បានស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ក្នុងកិច្ចជំនួបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា គម្រោងមួយនេះ គឺជាគម្រោងពិសេស ដែលត្រូវបានអភិវឌ្ឍឡើងដោយវិនិយោគិនឥណ្ឌា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញ និងលើកទឹកចិត្ត ដល់គណៈប្រតិភូក្រុមហ៊ុន ក្នុងការជួយកៀរគរដៃគូរបស់ក្រុមហ៊ុន ដែលមានមូលធន និង/ឬ ជំនាញពិសេសពាក់ព័ន្ធនឹងកសិកម្ម កសិឧស្សាហកម្ម និងការអភិវឌ្ឍអចលនទ្រព្យ ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ប៊ី


