សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាបានស្នើពង្រឹងកិច្ចសហ ការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសមត្ថភាពជាតិផ្នែក ប្រកាសនីយបត្រតក្កកម្ម និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដែលគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងទាក់ទាញការវិនិយោគ។
ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូសមាគមបានជម្រាបជូនអំពីការងាររបស់ខ្លួន និងបានលើកឡើងពីភាពចាំបាច់នៃការពង្រីកការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ដែលកាន់តែមានសារសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ខណៈការយល់ដឹងនៅមានកម្រិត។

ឯកឧត្តម អ៊ុំ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានលើកឡើងថា សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ ក្នុងអាណត្តិទី៤នេះ សមាគមផ្តោតលើការចែករំលែកចំណេះដឹង កសាងសមត្ថភាព និងគាំទ្រការអនុវត្តច្បាប់។
សមាគម និងក្រសួង បាននិងកំពុងសហការអនុវត្តអនុស្សរណៈនៃការយោគយល់ ដូចជាការរៀបចំសិក្ខាសាលារួមគ្នា និងការផ្លាស់ប្តូរបច្ចេកទេស។ តំណាងសមាគមក៏បានស្នើសុំការគាំទ្រពីក្រសួងលើកម្មវិធីបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាប្រកាសនីយបត្រតក្កកម្មដែលសមាគមកំពុងរៀបចំ។

ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់ក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖“កម្ពុជាត្រូវការប្រើប្រាស់ជំនាញក្នុងវិស័យឯកជន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីប្រកាសនីយបត្រតក្កកម្មរបស់ជាតិ។ ក្រសួងមានបំណងបង្កើតក្រុមជំនាញវាយតម្លៃប្រកាសនីយបត្រតក្កកម្ម (Patent Examiners) និងអ្នកជំនាញពាក់ព័ន្ធ ហើយក្រសួងលើកទឹកចិត្តឱ្យសមាគមពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឱ្យលើសពីការរៀបចំសិក្ខាសាលា ដើម្បីពង្រីកការយល់ដឹងដល់ក្រុមគោលដៅកាន់តែទូលំទូលាយ រួមទាំងស្ថាប័នស្រាវជ្រាវ និងសហគមន៍នវានុវត្តន៍។”
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីឱកាសផ្សារភ្ជាប់ការអភិវឌ្ឍកម្មសិទ្ធិបញ្ញា ទៅនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងធុរកិច្ចថ្មី ដោយលើកឡើងថា សហគ្រិនខ្មែរ មានកម្មវិធីកញ្ចប់ជំនួយសម្រាប់គាំទ្រនវានុវត្តន៍ ក្នុងស្រុក ទន្ទឹមនឹងនោះ មូលនិធិស្រាវជ្រាវជាតិក៏នឹងជួយសម្រួលលើការដាក់ពាក្យស្នើសុំការការពារកម្មសិទ្ធិបញ្ញា។

ឯកឧត្តមបានស្នើឱ្យសមាគម ជួយដល់សហគ្រាសក្នុងស្រុកពង្រឹងសមត្ថភាពប្រើប្រាស់តក្កកម្មដែលមានស្រាប់ក្នុងឧស្សាហកម្ម ឱ្យត្រូវតាមច្បាប់ ដើម្បីបង្កើនតម្លៃបន្ថែម បណ្តុះនវានុវត្តន៍ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង៕
អត្ថបទ៖ ប៊ី ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍


