កាលពីថ្ងៃ ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ Air Cambodia បានចុះហត្ថលេខាទិញយន្តហោះ B737MAX8 រហូតដល់ ២០ គ្រឿង ដោយធ្វើឡើងនៅសិង្ហបុរី។

បើតាមសេចក្ដីប្រកាសព័ត៌មានលើវេបសាយរបស់ក្រុមហ៊ុន Boeing បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Air Cambodia បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជាទិញយន្តហោះយន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing Max 737 ពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ។
កិច្ចព្រមព្រៀងដែលធ្វើឡើងក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ នៅឯប្រទេសសិង្ហបុរី អាកាសចរណ៍ជាតិកម្ពុជា បានសម្រេចទិញយន្តហោះ 737-8 (MAX 8) ១០ គ្រឿងដំបូង និង ១០ គ្រឿងបន្ថែមទៀតនៅពេលក្រោយ។ យន្តហោះ 737-8 ឬហៅថា 737 MAX 8 អាចផ្ទុកអ្នកដំណើរសរុបបានដល់ ១៧៨ នាក់ និងហោះហើរបានចម្ងាយ ៦ ៤៨០ គីឡូម៉ែត្រ។

នេះគឺជាកិច្ចព្រមព្រៀងធំបំផុតរបស់អាកាសចរណ៍ជាតិកម្ពុជាក្នុងការបញ្ជាទិញយន្តហោះខ្នាត single-aisle ហើយនេះក៏ជាលើកដំបូងក្នុងការទិញយន្តហោះពីក្រុមហ៊ុន Boeing ផងដែរ។
ជាមួយនឹងយន្តហោះ 737 MAX ក្រុមហ៊ុន Air Cambodia នឹងពង្រីកវិសាលភាពរបស់ខ្លួន ខណៈដែលការធ្វើដំណើរតាមផ្លូវអាកាសដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការតភ្ជាប់មនុស្ស និងទីកន្លែងនានាទូទាំងតំបន់៕

អត្ថបទ៖ឆដា, រូបភាព៖ boeing


