កើន​ឡើងខ្លាំង! ​កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ជាង​១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៥ ​កើន​ជាង​៤០​ភាគរយ

ក្រោម​យុទ្ធនាការ​ជំរុញ​ទីផ្សារ​យ៉ាង​សកម្ម​របស់​កម្ពុជា ​ឃើញ​ថា​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​មែនទែន ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន១,៥​លាន​នាក់​ កើន​ឡើង​ដល់​ទៅ​ជាង​៤០ភាគរយ។ ​នេះ​បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​បង្ហាញ​ពេញ​មួយ​ឆ្នាំ​២០២៥។ ​​

តាមដានជាមួយយើង៖ Million Times

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៦ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ហួត ហាក់ មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០២៥​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​សរុប ៥ ៥៦៩ ៧៥២នាក់ ​ថយ​ចុះ ​១៦,៩ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ប៉ុន្តែ​ ភ្ញៀវ​ចិន​ដែលមកកម្សាន្តកម្ពុជា​ បែរ​ជា​មាន​កំណើន​រហូត​ដល់ ៤១,៥ភាគរយ​។

កាល​ឆ្នាំ២០២៥ កម្ពុជា ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ ១ ២០១ ៦៨១នាក់។ ​​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ ក្រសួង​ទេសចរណ៍​​បាន​ដាក់​ចេញ​​យុទ្ធនាការ “ឆ្នាំ​ទេសចរណ៍ កម្ពុជា-ចិន​ ២០២៥” ពិធី​បិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន​ និងប្រជាជន កម្ពុជា-ចិន” ពិធី​បើក​ជា​ផ្លូវការ​ “ឆ្នាំ​ទេសចរណ៍ កម្ពុជា-ចិន ២០២៥” ​អម​ដោយ​ការសម្ដែង​សិល្បៈ​ពិសេស “សម្រស់​កម្ពុជា-ជាំងស៊ី” ​ការ​រៀប​ចំវេទិកា​ទេសចរណ៍​កម្ពុជា-ចិន និង​មហោស្រព​តន្ត្រី​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​សៀមរាប។ ចូល​រួមព្រឹត្តិការណ៍​នៅ​តាម​បណ្ដា​ខេត្ត​របស់​ចិន​ដូចជា សានទុង, យូណាន​, សានស៊ី (Shanxi) និងក្វាងស៊ី ​និង​បង្កើត​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត។

ដោយ​ឡែក លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នេះ ដោយសារ​តែ​កម្ពុជា​មាន​សកម្មភាព​ច្រើន​ទាំង​រដ្ឋ និង​ឯកជន​បាន​ធ្វើការ​ស្រុះ​គ្នា ​ក្នុង​ការ​ផ្សព្វផ្សាយ​ ការចូលរួម​ពិព័រណ៍​អន្តរជាតិ​នានា​នៅ​ប្រទេស​ចិន។

យោង​តាម​របាយការណ៍​ធនាគារ​ជាតិ ​នៃ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ចំណូល​ទេសចរណ៍​អន្តរ​ជាតិ​ឆ្នាំ​២០២៥ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ អាច​មាន​ប្រមាណ​ ៣,៧ ​ពាន់​លាន​ដុល្លារ ​ដោយ​កើន​ឡើង​ ៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ​ដែល​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរ​អន្តរជាតិ​កើន​ឡើង​ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ​ គឺ​អាច​ដោយសារ​តែ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​ថៃ និង​សភាពការណ៍​ពិភពលោក​មាន​ការប្រែប្រួល៕

អត្ថបទ៖ ឆដា,រូបភាព៖ ក្រសួងទេសចរណ៍ និង អ៊ីនធឺណេត