ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នឹងបន្តផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី

កម្ពុជា និងឥណ្ឌូនេស៊ី នឹងជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងបង្កើនទំហំពាណិជ្ជកម្ម ពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ខណៈឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ថានឹងបន្តផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ី។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម Santo Darmosumarto ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ភាគីទាំងពីរបានពិភាក្សា និងរំលេចនូវសមិទ្ធផលសំខាន់ៗមួយចំនួន រួមមាន ការតភ្ជាប់ទំនាក់ទំនងធុរកិច្ច បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលដល់ការស្វែងយល់ពីសក្តានុពលវិនិយោគ និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកអាជីវកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាត្រូវបញ្ចប់អាណត្តិ ប៉ុន្តែឯកឧត្តមនឹងនៅតែបន្តជាស្ពានចម្លងដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីជាបន្តទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់ទៀត និងសូមឱ្យចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្ថិតស្ថេរគង់វង្ស និងរីកចម្រើនឥតឈប់ឈរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕

អត្ថបទ៖ ប៊ី