កម្ពុជា-ប៉ាគីស្ថាន ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត

កម្ពុជា និងប៉ាគីស្ថាន បានពិនិត្យមើលលទ្ធភាព ដើម្បីពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ខណៈទិន្នន័យរហូតមកដល់ពេលនេះ បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណតែ ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

ការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើង នាឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅ នៅក្នុងជំនួបនេះ ទាំងសម្ដេចតេជោ ទាំងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេស នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលនេះកម្ពុជា យើងមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេ ហើយសម្ដេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានកត់សម្គាល់ថា ប៉ាគីស្ថានគឺជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជា ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាមួយគ្នាតាំងពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ពោលគឺមុន១ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ការទទួលស្គាល់របស់ប៉ាគីស្ថានមកលើកម្ពុជានេះ គឺជាការចងចាំសម្រាប់កម្ពុជាផងដែរ ដែលបញ្ជាក់ពីការផ្ដល់តម្លៃរបស់ប៉ាគីស្ថានមកកាន់កម្ពុជា តាំងពីឆ្នាំ១៩៥២។

សម្ដេចតេជោចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខ។

ឯកឧត្តម ជា ធីរិទ្ធបានឱ្យដឹងថា ៖«ទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះ គប្បីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ដែលតាមទិន្នន័យរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណតែ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ ដូច្នេះថ្នាក់ដឹកនាំទាំងពីរចង់ឃើញពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំទាំងពីរ ក៏មានបំណងជំរុញផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ផងដែរ»។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងគណៈប្រតិភូ សូមឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញទស្សនកិច្ច និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលនេះ៕

អត្ថបទ៖ ប៊ី