ម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារពី “គម្រោងធានាឥណទានឯកត្តឥណទានពិសេស”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី  សម្រាប់​ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម។

ការដាក់សម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នាឱកាសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំខួប ៥ ឆ្នាំ របស់ CGCC ក្រោមប្រធានបទ “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ។

នៅក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រគោលនយោបាយ, យុទ្ធសាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យស្រូវអង្ករ, ស្វាយចន្ទី, កម្មន្ដសាល, ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ។ល។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា គម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី  សម្រាប់​ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួមវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា៖ “ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រ ដ៏ល្អិតល្អន់ និង ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល, ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច,​​​ ជាពិសេស ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជា ការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែង​ របស់កម្ពុជា។

យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោល-នយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាល រួមមាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ជាពិសេស សម្រាប់សហគ្រាសធុន តូច និង មធ្យម, តាមរយៈ ការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈ ការគាំទ្រឲ្យមានការវិនិយោគ, ការពង្រីកប្រតិបត្តិការអាជីវកម្ម, និង ការបង្កើតការងារបន្ថែម ឲ្យបាន កាន់តែច្រើន, ជាពិសេស សម្រាប់យុវជន; និង ទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈ ការបង្កើនទំនុកចិត្តក្នុងទីផ្សារ និង ការរួមគ្នាគ្រប់គ្រងហានិភ័យ, ជាពិសេស ក្នុងអំឡុងវិបត្តិ ឬ បញ្ហាប្រឈមពីកត្តាខាងក្រៅ, ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ច។

នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន ៧ គម្រោង, ការធានាឥណទានជាកញ្ចប់ ចំនួន ១៧ កិច្ចព្រមព្រៀង,  ការធានាលើ​ការបោះផ្សាយ​សញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន ១ , និងការធានាឥណទានបោះដុំចំនួន ៣ កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បាន​អនុម័តការធានាឥណទាន ចំនួន ៩.៥៥៦ គណនី លើកម្ចី ប្រមាណ ៥២១,២៨ លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទ៖ ប៊ី