អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា “ដៃគូ” របស់រាជរដ្ឋាភិបាល ហើយសភាពាណិជ្ជកម្មមានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានគូសបញ្ជាក់ដូច្នេះ នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជាចំពោះវិស័យឯកជន គឺការទទួលបានឱកាសចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។ តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ យើងបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា បានថ្លែងថា ៖«ដោយសារយើងបានបញ្ចេញសំឡេងរួមគ្នាផ្អែកលើមូលដ្ឋានច្បាស់លាស់ យើងបានដោះស្រាយដោយជោគជ័យនូវបញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម»។

អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងទៀតថា កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មកម្ពុជាគឺជាតំណាងស្របច្បាប់នៃវិស័យឯកជន។
បច្ចុប្បន្ន បណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយសភាពាណិជ្ជកម្មកម្ពុជា មានការិយាល័យតំណាងចំនួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។

ទាក់ព័ន្ធនឹងតំណាសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសទាំងអស់ មានបេសកកម្មចម្បង គឺត្រូវដើរតួជាច្រកទ្វារយុទ្ធសាស្ត្រក្នុងការធានាថា ម៉ាកសញ្ញា “ផលិតនៅកម្ពុជា” (Made in Cambodia) នឹងក្លាយជាសញ្ញាសម្គាល់នៃគុណភាព និងភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា បានថ្លែងបន្តថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន។ ខណៈដែលកំណើនសេដ្ឋកិច្ចជាតិត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% សភាពាណិជ្ជកម្មកម្ពុជា ត្រូវជំរុញវិស័យឯកជនឲ្យត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ប៊ី


