ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កម្ពុជាមានគោលនយោបាយប្រែក្លាយផ្ទះរបស់ប្រជាពលរដ្ឋគ្រប់គ្រួសារទៅជាទ្រនំសុភមង្គល តាមរយៈការជំរុញឱ្យមានស្ថាបត្យកម្មសាមញ្ញ ងាយស្រួលរស់នៅ មានផាសុកភាព មានបណ្តាញសេវាសាធារណៈជាមូលដ្ឋានគ្រប់គ្រាន់។
ឯកឧត្តម ថេង ច័ន្ទសង្វារ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងដូច្នេះ នាឱកាសអញ្ជើញចូលរួមក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យលេីកទី៥ ឆ្នាំ២០២៦ (RFF2026) នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម បានថ្លែងថា ៖«ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ខ្ពស់ខ្ពស់ ដោយបានចូលរួមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យលើកទី៥ ឆ្នាំ២០២៦ (RFF2026) នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត»។
ឯកឧត្តម បានបន្តថា «ឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួល ខ្ញុំបានរំលេចជូនអង្គវេទិកាថាក្នុងវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ និងជានិយ័តករនោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និទ្ធស្នាលរបស់អ្នកអភិវឌ្ឍន៍ផងដែរ។ ភាពជាដៃគូនេះធ្វើឡើងតាមរយៈវេទិការាជរដ្ឋាភិបាល-វិស័យឯកជន កិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសាងសង់កម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ជាដើម។

ជាងនេះទៅទៀត ចំពោះមួយចំនួនតូចដែលត្រូវបានប៉ះពាល់ដោយសារកូវីដ-១៩និងស្ថានភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា តែងនៅឈរដោះស្រាយជាមួយភាគីពាក់ព័ន្ធដោយឈរលើគោលការណ៍ឈ្នះ ឈ្នះ និងជាពិសេស បានផ្តល់ការអនុគ្រោះពន្ធនិងលើកលែងការបង់កម្រៃសេវាសាធារណៈជាច្រើន ធ្វើយ៉ាងណាធានាការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋជាអតិថិជននិងអ្នកពាក់ព័ន្ធ»។
ឯកឧត្តម ថេង ច័ន្ទសង្វារ «ពាក់ព័ន្ធនឹងគោលនយោបាយលំនៅឋាន ខ្ញុំបានសង្កត់ធ្ងន់ជូនវេទិកាថា កម្ពុជាមានគោលនយោបាយប្រែក្លាយផ្ទះរបស់ប្រជាពលរដ្ឋគ្រប់គ្រួសារទៅជាទ្រនំសុភមង្គល តាមរយៈការជំរុញឱ្យមានស្ថាបត្យកម្មសាមញ្ញ ងាយស្រួលរស់នៅ មានផាសុកភាព មានបណ្តាញសេវាសាធារណៈជាមូលដ្ឋានគ្រប់គ្រាន់ ដូចជាទឹក ភ្លើង ផ្លូវ ផ្សារ សាលារៀន មណ្ឌលសុខភាព។ល។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងជំរុញបង្កើតនិងប្រើប្រាស់មូលនិធិលំនៅឋាន ការផ្តល់កម្ចីទាបសមរម្យ និងការវិនិយោគអចលនវត្ថុឱ្យចំគោលដៅ។ ក្នុងន័យនេះ វិស័យឯកជនពិតជាដៃគូមិនអាចខ្វះបានក្នុងការចូលរួមធ្វើឱ្យសម្រេចក្តីស្រមៃរបស់កម្ពុជា»៕

អត្ថបទ៖ ប៊ី


