ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មនិងបរិស្ថានឡាវ បានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដែលឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហេីយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតហើយក្រុមការងារជំនាញទាំងពីរនឹងធ្វេីការជាមួយគ្នាពិនិត្យលេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា ថ្ងៃនេះខ្ញុំ និងឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមជាសក្ខីភាពក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តម បានបន្តថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្មកម្ពុជា-ឡាវ ដែលនៅពេលអនាគតនឹងមានលទ្ធភាពសហប្រតិបត្តិការលើវិស័យសក្ដានុពលដទៃទៀត ជាពិសេសវិស័យរ៉ែជីកសិកម្ម វិស័យព្រៃឈើ និងការតភ្ជាប់ទីផ្សារកសិកម្មបន្ថែមទៀត។
កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយសមភាគី កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ី


