ត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៥ មានអតីតពលករខ្មែរមកពីថៃ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ខណៈឱកាសការងារនៅមានប្រមាណជិត ៩ ម៉ឺនកន្លែងបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានឱ្យដឹងនៅថ្ងៃ ២០ ខែមករា ឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រូបនេះបានបន្តទៀតថា ក្រសួងដាក់ចេញវិធានការសំខាន់ៗ ៤ ដំណាក់កាលដែលបានដាក់ចេញចាប់តាំងពីថ្ងៃ៨ ខែមិថុនា រហូតដល់ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២៥ តាំងពីការទទួលពលករនៅតាមបន្ទាត់ព្រំដែន រហូតដល់គេហដ្ឋានរបស់អតីតពលករ ដើម្បីផ្ដល់ឱកាសការងារ និងដើម្បីដោះស្រាយបញ្ហាជីវភាពរបស់អតីតពលករ ក្រសួងបានរៀបចំវេទិកាការងារ ក៏ដូចជា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៥៧៩ លើក នៅតាមភូមិឃុំ ក្នុងខេត្តសំខាន់ៗតាមគោលដៅសំខាន់ៗ។
លោក ស៊ុន មេសា បានអះអាងបន្ថែមទៀតថា វិស័យឧស្សាហកម្ម កសិកម្ម-កសិឧស្សាហកម្ម និងសេវាកម្ម គឺជាវិស័យដែលបានស្រូបកម្លាំងពលកម្មច្រើនជាងគេ។ ក្រៅពីឱកាសការងារជាង ៦២ ម៉ឺននាក់ អតីតពលកររាប់សិបម៉ឺននាក់ផ្សេងទៀត បានងាកទៅប្រកបរបរកសិកម្មតាមគ្រួសារ និងបង្កើតមុខរបរតូចតាចនៅតាមមូលដ្ឋាន។

គិតត្រឹមខែធ្នូឆ្នាំ ២០២៥ កន្លងទៅ ប្រជាពលរដ្ឋ និងអតីតពលករប្រមាណ ជាង ៩៥ ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយអរិយភាពតាមព្រំដែនរវាងកម្ពុជា និងថៃ និងស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករដទៃទៀតដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកជាជាងការប្រថុយប្រថានធ្វើការចំណាកស្រុកនៅប្រទេសថៃ ដែលមិនមានអត្ថប្រយោជន៍សម្បូរបែបដូចនៅកម្ពុជានោះទេ៕


អត្ថបទ៖ឆដា, រូបភាព៖ ស៊ុន មេសា


