រោងចក្រកែច្នៃប្លាស្ទិកPET របស់ក្រុមហ៊ុនហុងកុង A1 បានបើកការដ្ឋានសាងសង់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានទុនគ្រោង ២៩ លានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

កាលពីព្រឹកថ្ងៃ១៩ ខែមករា ឆ្នាំ ២០២៦ ក្រុមហ៊ុនហុងកុង A1 បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទ PET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា ។

នាពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ បានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់បន្ថែមថា នេះជាការខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតការងារបៃតងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋានចំណូលរបស់ជាតិ។

ក្នុងនោះមានការចូលរួមពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ , លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic, លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងលោក លោកស្រី អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕


អត្ថបទ៖ឆដា, រូបភាព៖ កែវ រតនៈ


