រដ្ឋាភិបាល ដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

 រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណ​ជំនាញ (Skills Voucher) ជាផ្លូវការ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញនេះ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះកំណើនប្រកបដោយបរិយាបន្ន។

តាមដានជាមួយយើង៖ Million Times

ឯកឧត្ដមបានលើកឡើងថា ៖ «ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង និងសុខុមាលភាពនៃពលរដ្ឋគ្រប់រូប»។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃ សមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ដើម្បីអាចចូលរួមចំណែកយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដោយចីរភាព។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា៖ «ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិ-ឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ប័ណ្ណនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងជាសហគ្រិនខ្នាតមីក្រូ ឱ្យទទួលបានជំនាញសមរម្យ និងមានឱកាសប្រែក្លាយ និងសមាហរ័ណអាជីវកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច​»។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះជោគជ័យ នឹងទទួលប័ណ្ណជំនាញអេឡិចត្រូនិចដោយស្វ័យប្រវត្តិ មានតម្លៃស្មើ ៦០០.០០០ រៀល សម្រាប់សិក្សាជំនាញនៅតាមគ្រឹះស្ថានដៃគូរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ។ ពួកគាត់អាចប្រើប្រាស់ប័ណ្ណនេះដោយគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ហើយជ្រើសរើសវគ្គបណ្តុះបណ្តាលណាមួយតាមតម្រូវការ។

គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលពាក្យស្នើសុំចុះឈ្មោះចំនួន ២៧៤.២២១ សំណើ ដែលគ្របដណ្តប់បុគ្គលស្វ័យនិយោជន៍ សហគ្រាសធុនមីក្រូ បុគ្គលិកនៃសហគ្រាសធុនមីក្រូ និងកម្មករម្តងម្កាលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះហើយអាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន និងកាន់តែទូលំទូលាយ រួមទាំងការលើកទឹកចិត្ត និងការលើកលែងផ្នែកពន្ធដារ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសេវានានារបស់ស្ថាប័នរដ្ឋនិងឯកជន ដូចជាបេឡាជាតិរបបសន្តិសុខសង្គម និងសេវាគាំពារសង្គម។

អត្ថប្រយោជន៍ថ្មីៗបន្ថែម រួមមានដំណោះស្រាយឌីជីថលសម្រាប់សហគ្រាស ក្រោមកម្មវិធី Enterprise Go Digital អត្ថប្រយោជន៍ធានារ៉ាប់រងដែលផ្តល់ដោយដៃគូក្នុងវិស័យឯកជន និងកម្មវិធីប័ណ្ណជំនាញដែលទើបដាក់ឱ្យអនុវត្តនេះ ដែលអត្ថប្រយោជន៍ទាំងអស់ មានគោលដៅពង្រឹងសមត្ថភាព បង្កើនផលិតភាព និងគាំទ្រសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ប៊ី