លក្ខខណ្ឌមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូនបងប្អូន អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន ៖ ១. អាចមានជម្រើសផ្លាស់ប្ដូរទៅលក់នៅផ្សារដើមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឫទៅរកទីតាំងឯកជនផ្សេងទៀតដែលខ្លួនគិតថាងាយស្រួល ប៉ុន្តែមិនមែនលក់លើផ្លូវសាធារណៈ ២. ក្នុងដំណាក់កាលនេះ បើបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន និង ៣. មិនត្រូវបន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។
នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងជំនួបជាមួយបងប្អូនអាជីវករអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នៅថ្ងៃទី១៩ ខៃមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថាកន្លងមក អាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ផ្លាស់ប្ដូរជូនបាន។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ប៉ុន្តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានរកទីតាំងសមស្រប និងមានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារដើមគថ្មី ហើយបើបងប្អូនមិនចង់ទៅផ្សារថ្មីនោះ បងប្អូនអាចរកទីតាំងឯកជនណាផ្សេងទៀតក៏បាន តែហាមដាច់ខាតមិនឱ្យលក់លើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ។ សូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញយេីង។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវក្បែរផ្សារដើមគរក្នុងខណ្ឌទួលគោកបន្តទៀតដែរ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មីទេ អ្វីដែលជាគោលការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករ លក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។

ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងខណៈអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចើមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រើប្រយោជន៍សាធារណៈជារួមនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។
ក្នុងខណៈនោះដែរឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថែមទាំងបានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកលក់ដូរនៅក្នុងផ្សាដើមគ កុំព្រួយបារម្ភនៅបន្តការលក់ដូររបស់ខ្លួនដដែរចុះ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ចំពោះតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅជុំវិញផ្សារដើមគតែប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ ការសំអាត អនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរតាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអណាធិបតេយ្យ ដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ។នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពរញនៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមករា ឆ្នាំ២០២៦។

អ្វីដែលអាជ្ញាធរកំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញនូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគនាពេលនេះ បាននិងកំពុងទទួលបានការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយកនូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អសោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ។
ក្នុងការចាប់ផ្ដើមការសំអាត អនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានាជុំវិញផ្សារដើមគនេះ នាព្រឹកនេះដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប រួមជាមួយលោកនាយករដ្ឋបាលនិងលោក លោកស្រីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ,លោកអភិបាលខណ្ឌទួលគោក អភិបាលខណ្ឌបឹងកេងកងផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ៕
អត្ថបទ៖ ប៊ី


