ខេត្តពោធិ៍សាត់រកឃើញដំណាំ ២០ មុខ មានឧត្តមភាពប្រកួតប្រជែងខ្ពស់

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឃឹម ហ្វីណង់ បាន​លើកឡើង​ថា នៅ​ខេត្ត​ពោធិ៍សាត់​មាន ដំណាំ ២០ មុខ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ឧត្ដមភាព​ប្រកួតប្រជែង​ខ្ពស់ សម្រាប់​ការ​ដាំដុះ​នៅ​ក្នុង​ខេត្ត។

តាមដានជាមួយយើង៖ Million Times

នេះ​ជា​ផ្អែក​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​មុខ​ដំណាំ​ដែល​សមស្រប​ក្នុង​ការ​ដាំដុះ​ទៅ​តាម​លក្ខខណ្ឌ​ក្សេត្រ​អាកាសធាតុ ដោយ​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ(CPS)។

នៅ​ក្នុង​បទ​បង្ហាញ​តម្រង់​ទិស​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ CPS ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០២៥ របស់​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់។


ក្រៅ​ពី​ស្រូវ ដែល​ជា​ដំណាំ​ដាំដុះ​ច្រើន​ជាង​គេ​នៅ​តាម​តំបន់​ទំនាប​នៃ​ខេត្ត នៅ​មាន​ដំណាំ​ជាច្រើន​ប្រភេទ​ទៀត​ក្នុង​តំបន់​អូសោម​នៃ​ស្រុក​វាលវែង និង​ផ្នែក​ខ្លះ​ទៀត​នៃ​ស្រុក​ភ្នំ​ក្រវ៉ាញ ដែល​មាន​សក្ដានុពល​ខ្ពស់​នៅ​ក្នុង​ការ​ប្រកួតប្រជែង មាន​តម្លៃ​បន្ថែម​ច្រើន និង​អាច​មាន​លទ្ធភាព​ចាប់​យក​ម៉ាក​សញ្ញា​ភូមិសាស្ត្រ​បាន។

ក្នុងនោះ​ដំណាំ​រយៈពេល​ខ្លី​មាន​ដូចជា​ស្ពៃក្ដោប ខ្ញី រមៀត រំដេង ត្រាវ និង​ដំណាំ​រយៈពេល​វែង​ដូចជា​ទុរេន ក្រូច​ពោធិ៍សាត់ ផ្លែ​ប័រ ក្រូច​ថ្លុង ចេក​ពងមាន់ ផា​សិន ជាដើម។ ដំណាំ​សក្តានុពល​ខ្លះ​ទៀត​ក៏​ស្ថិត​ក្នុង​បញ្ជី​នេះ​ដែរ ទោះបី​ជា​មាន​ចំនួន​ដាំដុះ​តិចតួច​នៅ​ឡើយ​ក៏​ដោយ ដូចជា​ម្រេច កាហ្វេ មង្ឃុត ក្រវ៉ាញ គូលែន។

ការ​រក​នេះ​សង្ឃឹម​ជាមួយ​​​ទិន្នផល​បែប​វិទ្យាសាស្ត្រ​ដែល​កើត​ចេញពី​ការ​ស្រាវជ្រាវ​ច្បាស់លាស់​កាន់តែ​ច្រើន យើង​នឹង​អាច​ឈាន​ទៅ​ដល់​ការ​រៀបចំ​ផែនការ​គោល​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្តពោធិ៍សាត់នាពេលខាងមុខ៕

អត្ថបទ៖ ឆដា, រូបភាព៖ ឃឹម ហ្វីណង់