កម្ពុជា បានកត់ត្រាអ្នកដំណើរតាមផ្លូវអាកាសប្រមាណជិត ៧ លាននាក់ ក្នុងរយៈពេល ១២ខែ កាលពីឆ្នាំ ២០២៥ ដែលនេះមានការកើនឡើង ១២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤។ នេះបើ យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានឲ្យដឹងថា ចាប់ពីខែមករា ដល់ធ្នូ ឆ្នាំ ២០២៥ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ បានស្វាគមន៍អ្នកដំណើរ ជិត ៧ លាននាក់។
ក្នុងអំឡុងពេលដូចគ្នា ចំនួនជើងហោះហើរចូល-ចេញសរុបមានចំនួនជាង ៦ម៉ឺនជើង កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលបរិមាណដឹកជញ្ជូនតាមផ្លូវអាកាសទ្វេទិសជាង ៩ម៉ឺនតោន កើនឡើង ២១ ភាគរយ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ៣៦ក្រុមហ៊ុន ក្នុងនោះ ៤ ជារបស់ក្នុងស្រុក និងអន្តរជាតិ ៣២ ហើយកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន, ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម និងជប៉ុន។
សូមរំលឹកថា កាលពីដើមឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានព្យាករថា ក្នុងឆ្នាំ ២០២៥ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា នឹងទទួលបានប្រមាណ ៧,៥ លាននាក់៕

អត្ថបទ៖ ឆដា, រូបភាព៖អាកាសចរណ៍ស៊ីវិល


