សេដ្ឋី​កសិកម្ម ម៉ុង ឫទ្ធី សាងសង់រោងចក្រផលិតជី ដើម្បីកាត់បន្ថយការនាំចូល​​ពី​បរទេស

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែល​ជា​សេដ្ឋី​ផ្នែក​កសិកម្ម​ដ៏​ល្បី​នៅ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស ចុះ​មក​ពិនិត្យ​មើល​សកម្មភាព សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ក្រៅ។

តាមដានជាមួយយើង៖ Million Times

ថ្ងៃ​១៣ ខែ​មករា ឆ្នាំ ២០២៦ អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស ចុះ​មក​ពិនិត្យ​មើល​សកម្មភាព សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ ដែល​មាន​កម្លាំង​ផលិត​បាន​ប្រមាណ​ជា ១០០ តោនក្នុងមួយថ្ងៃ នៅ​លើ​ផ្ទៃ​ដី ៦៥ ០០០ ម៉ែត្រការ៉េ​។

រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្វាយ​ដង្គុំ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ រោងចក្រ​នេះ​ចាប់ផ្ដើម​សាងសង់​កាលពី​ដើម​ខែ​ធ្នូ​ឆ្នាំ ២០២៥ និង​អាច​សាងសង់​រួចរាល់​និង​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​នៅ​ដើម​ខែ​កក្កដា ឆ្នាំ ២០២៦ ខាង​មុខ​នេះ។ រោងចក្រ​នេះ​អាច​ទទួល​យក កម្លាំង​ពលកម្ម បុគ្គលិក-កម្មករ​ ដោយ​ផ្ទាល់ ប្រមាណ​ជា ១០០ នាក់ ។

មិន​តែ​ប៉ុណ្ណោះ ពេលនេះ​ក្រុមហ៊ុន​របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី មាន​តម្រូវ​ការ​ចាំបាច់​នូវ​បុគ្គលិក​បច្ចេកទេស ២នាក់ ដូច​ខាង​ក្រោម​នេះ៖


១. អនុប្រធានទទួលបន្ទុកផលិតកម្ម ផ្នែករូបមន្តផលិតជី (Production Manager & Formulator)
២. បុគ្គលិកផ្នែកមន្ទីរពិសោធន៍ (Lab Technician)

ការ​ខិតខំ​ប្រឹង​ប្រែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ​នេះ​ឡើង​ គឺ​ដើម្បី​ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ការនាំចូល​ជី​មកពី​បរទេស​ និង​ដើម្បី​ផលិត​ជី​ដែល​មាន​គុណភាព​ខ្ពស់​តម្លៃ​សមរម្យ៕

អត្ថបទ៖ ឆដា, រូបភាព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី