ខេត្តក្រចេះ នឹងទទួលបានគម្រោងកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មតម្លៃ ១០០ លានដុល្លារ

ក្រុមហ៊ុន សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.) បានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ២០០ កន្លែង។

ការស្នើនេះ ត្រូវបានធ្វើឡើង កាលថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦  អំឡុងពេល ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានចូលរួម​ដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគនេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត​, តំណាងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំ​ស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ។

តាមដានជាមួយយើង៖ Million Times

តាមរយៈគម្រោងនេះ ក្រុមហ៊ុន​មានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីតប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ ។

ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក មានទីស្នាក់ការធំនៅប្រទេសចិន ហើយ​បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុង​បណ្តាក់ទុនធ្វើអាជីវកម្ម​នៅប្រទេសកម្ពុជា តាមរយៈការបង្កើត និងអភិវឌ្ឍ​តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយផ្តោតជាសំខាន់​លើ​ការ​ផលិតគ្រឿងសង្ហារឹម។

កន្លងមក ក្រុមហ៊ុនតែងតែ​នាំចូល​វត្ថុធាតុដើម​ពីប្រទេសថៃ វៀតណាម ប្រេស៊ីល និងអាម៉េរិក ប៉ុន្តែ តាមរយៈគម្រោងនេះ ក្រុមហ៊ុនសង្ឃឹមថា នឹងអាច​បង្កើត និងផ្គត់ផ្គង់វត្ថុធាតុដើម​ ដែលផលិត​ក្នុងប្រទេសកម្ពុជា ដែលអាចចូលរួមបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ និងកាត់បន្ថយ​ការពឹងផ្អែក​លើការនាំចូលវត្ថុធាតុដើម​ពីក្រៅប្រទេស។

អង្គប្រជុំជារួម​បានស្វាគមន៍គម្រោងវិនិយោគនេះ ដែលនឹងចូលរួមបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ កាត់បន្ថយ​ការ​ធ្វើពលករចំណាកស្រុករបស់ប្រជាពលរដ្ឋមូលដ្ឋាន​ និងបានបង្ហាញឆន្ទៈ​នៅក្នុងការផ្តល់កិច្ចសហការគាំទ្រ តាមដែនសមត្ថកិច្ចរៀងៗខ្លួន​​។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន ក៏បានលើកទឹកចិត្តឱ្យ​អនុគណៈកម្មាធិការវិនិយោគ ខិតខំពង្រឹងសមត្ថភាពបច្ចេកទេស នៅក្នុង​ការ​គ្រប់គ្រងទិន្នន័យ ការ​ផ្តល់សេវា និង​ការថែទាំគម្រោងវិនិយោគ​នៅក្នុងខេត្តរបស់ខ្លួន។ ឯកឧត្តម​ ក៏បានណែនាំឱ្យ​អាជ្ញាធរពាក់ព័ន្ធ បូករួមទាំង​រដ្ឋបាល​មូលដ្ឋានភូមិ ឃុំ ស្រុក​ ចូលរួមទាក់ទាញ និងថែរក្សាវិនិយោគ ដោយ​ផ្តល់នូវការគាំទ្រចាំបាច់នានា នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការបង្កការ​រំខានណាមួយ ដែលធ្វើឱ្យ​រាំងស្ទះដល់ដំណើរការវិនិយោគ។

ឯកឧត្តម ក៏បាន​គូសបញ្ជាក់ពីសារសំខាន់នៃ​​ការពង្រឹងយន្តការ «ច្រកចេញចូលតែមួយ» ក្នុងការសម្របសម្រួលអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលផ្អែកលើការសម្រេចចិត្តរួមគ្នា​ ដោយតម្លាភាព និងប្រសិទ្ធភាព ព្រោះថា វិស័យឯកជនត្រូវការ​ចាំបាច់​នូវការសម្របសម្រួលជាប្រព័ន្ធ ដែលអាចជឿទុកចិត្តបាន ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងមានអនុលោមភាពគតិយុត្តិ​។

បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែង​សម្រាប់គម្រោងវិនិយោគ​បង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដែល​មានទីតាំងនៅស្រុកអូរគ្រៀលសែនជ័យ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែងនៃទីតាំងវិនិយោគ ទិដ្ឋភាពភូមិសាស្ត្រ​ និងបច្ចេកទេសនៃគម្រោង ក៏ដូចជា បញ្ហាប្រឈមដែលអាចមានជាយថាហេតុ ដើម្បី​ប្រមូលធាតុចូលពាក់ព័ន្ធចាំបាច់ ឱ្យបាន​​ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំក្រុមការងារ ក.វ.ឦសាន ដើម្បី​ពិនិត្យ និងសម្រេចផ្តល់គោលការណ៍វិនិយោគ​ នាពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ ប៊ី