គម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ នឹងបង្ហាញរូបរាងនៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរីនឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ បន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំកិច្ចពិភាក្សាលើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី និងកម្មវិធីចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន/សហគ្រាស នៅខេត្តមណ្ឌលគីរី។

ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី ៩-១០ ខែ មករា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចពិភាក្សាពិភាក្សាលើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី និង ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគចំនួន ៥ ក្នុងខេត្តមណ្ឌលគីរី ដែលវិនិយោគលើវិស័យកសិកម្ម និង ទេសចរណ៍ ដែលមានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងមានសក្តានុពលអាចបង្កើតការងារ ប្រមាណ ១ ៧០០ កន្លែង។

តាមដានជាមួយយើង៖ Million Times

សមាសភាពគណៈប្រតិភូ រួមមាន តំណាងមកពី ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ធនាគារអភិវឌ្ឍន៍កសិកម្ម និង ជនបទ, រដ្ឋបាលខេត្ត មន្ទីរជំនាញខេត្តមណ្ឌលគិរី សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម អនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ «ច្រកចេញចូលតែមួយ» ក្នុងការសម្របសម្រួលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការអនុវត្តនីតិវិធីវិនិយោគ និង ផ្តល់នូវដំណោះស្រាយជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ក្នុងន័យនេះ, ក.វ.ឦសាន នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយវិនិយោគិននៅទូទាំងខេត្តទាំងបួននៃភូមិភាគឦសាន ដើម្បីជំរុញការវិនិយោគកែច្នៃបង្កើនតម្លៃបន្ថែម, និង បន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តមណ្ឌលគិរី និង ភូមិភាគឦសាន ជាពិសេសកត្តាអំណោយផលដ៏ធំធេងនៃតំបន់នេះ សម្រាប់ផលិតកម្ម និងការកែច្នៃ ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍។

បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារបានចុះពិនិត្យទីតាំង និង ជួបពិភាក្សាផ្ទាល់ជាមួយតំណាងក្រុមហ៊ុននៃគម្រោងទាំង ៥ ដែលវិនិយោគលើការដាំដុះ និងកែច្នៃកៅស៊ូ និង កាហ្វេ និង ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ នៅតាមទីតាំងគម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើសុំ ដើម្បីពិនិត្យ និង ពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃគម្រោង ក៏ដូចជា សំណើ និង បញ្ហាប្រឈមដែលក្រុមហ៊ុនបានលើកឡើង។

ជាមួយគ្នានេះ, ឯកឧត្តម ក៏បានដឹកនាំក្រុមការងារ ដើម្បីចុះជួបវិនិយោគិនដល់ទីតាំងផ្ទាល់ ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងស្តាប់ពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា និងសំណូមពរ របស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖ ១. ក្រុមហ៊ុន វាសនា កសិកម្ម ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី នៅ ឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និង២. ក្រុមហ៊ុន ណេង ណា ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី ប្រេងខ្យល់ នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

អត្ថបទ៖ ប៊ី