អាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។

ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានគូសបញ្ជាក់បែបនេះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបតី ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១៥ លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

សម្តេចធិបតី និងឯកឧត្តម DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកផងដែរ និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទ៖ ប៊ី