ពិធីសម្ពោធដ៏ស្រស់ស្អាតនៃ «សួនច្បារនរោត្តម សីហនុ» ឬ Jardin Norodom Sihaknouk ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃ ៨ ខែមករា ឆ្នាំ ២០២៦ កន្លងទៅម្សិលមិញ នៅទីតាំងប្រវត្តិសាស្ត្រ Fère-en-Tardenois ប្រទេសបារាំង។

កម្មវិធីសម្ពោធសួនច្បារ «នរោត្តម សីហនុ» បានធ្វើឡើងនៅឃុំ Fère-en-Tardenois ប្រទេសបារាំង ក្រោមអធិបតីភាពរបស់សម្ដេច ព្រះរាជបុត្រី នរោត្តម អរុណរស្មី ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
សួនច្បារមួយកន្លែងនៅនៅក្នុងខេត្ត Aisneឃុំ Fère-en-Tardenois នេះរាជរដ្ឋាភិបាលបារាំងបានប្រសិទ្ធិនាមថាជាសួនច្បារ «នរោត្តម សីហនុ» ដែលជាទីតាំងប្រវត្តិសាស្ត្រ និងជាចំណុចចាប់ផ្ដើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

រម្លឹកផងដែរថា ការប្រសិទ្ធិនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃចំនួបចរចាជាលើកដំបូងក្នុងឆ្នាំ ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរ:ក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ។
ក្នុងឱកាសដ៏បវរនេះដែរសម្ដេច ព្រះរាជបុត្រី នរោត្តម អរុណរស្មី និងតំណាងខាងរាដ្ឋាភិបាលបារាំង បានឡើងថ្លែងសន្ទរកថាផងដែរ។
«សួនច្បា នរោត្តម សីហនុ» និងបន្តតាំងនៅជាសក្ខីភាពដ៏សំខាន់ ដែលចារឹកទុកដល់កូនខ្មែរគ្រប់ជំនាន់ និងបណ្ដាបរទេសទាំងឡាយអំពីប្រវត្តិសាស្ត្រនៃពលិកម្មជូនជាតិមាតុភូមិ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្រួបបង្រួមខ្មែរគ្រប់ភាគីឲ្យចូលតុចរចា ដើម្បីតែម្យ៉ាងគឺសេចក្ដីសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីនៃកម្ពុជា នៅក្នុងពេញមួយព្រះជន្មរបស់ព្រះអង្គ៕







អត្ថបទ៖ ឆដា, រូបភាព៖ David Luy


