បន្ទាប់ពីសោកនាដកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភា បានលើកឡើងពីភារកិច្ចចំពោះមុខ ដែលកម្ពុជាត្រូវធ្វើបន្ទាន់ ដើម្បីស្ដារ និងកសាងឡើងវិញ។
លោកបណ្ឌិត គិន ភា បានសរសរនៅបណ្តាញសង្គមកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ដោយបានរៀបរាប់ដូចតទៅ៖
«ថ្ងៃនេះ ខ្ញុំសូមផ្អាករៀបរាប់ពីសោកនាដកម្មនិងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រជាជាតិយើង។ ខ្ញុំសូមលើកឡើងនូវភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់នាពេលនេះ។
ភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់នាពេលនេះ គឺការប្រញាប់ប្រញាល់ស្ដារនិងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវបានបំផ្លិចបំផ្លាញ។ យើងត្រូវរៀបចំទីជម្រក បង្កើតមុខរបរ និងផ្ដល់ដើមទុនដល់បងប្អូនជនភៀសសឹកដែលបានបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិក្រោមអំពើបំផ្លិចបំផ្លាញរបស់ទាហានថៃ ដើម្បីផ្ដល់ក្ដីសង្ឃឹមនិងជីវិតថ្មីដល់ពួកគាត់ឡើងវិញ។

សាលារៀនត្រូវតែកសាងឡើងវិញដើម្បីឱ្យកុមារបានបន្តការសិក្សា មន្ទីរពេទ្យត្រូវស្ដារឡើងវិញ ដើម្បីព្យាបាលនិងថែទាំសុខភាពប្រជាជន ហើយវត្តអារាមត្រូវតែកសាងឡើងវិញដើម្បីជាទីសក្ការៈបូជា និងជាបង្អែកស្មារតី។ ទន្ទឹមនឹងនេះ យើងត្រូវតែអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជួយជួសជុលប្រាសាទបុរាណរបស់យើងឡើងវិញ ព្រោះសម្បត្តិវប្បធម៌ទាំងនេះគឺជាបេតិកភណ្ឌរបស់មនុស្សជាតិលើភពផែនដីទាំងមូល មិនមែនជារបស់ខ្មែរតែឯកឯងនោះទេ។
ជាមួយគ្នានោះដែរ យើងត្រូវតែតស៊ូតាមផ្លូវច្បាប់យ៉ាងដាច់អហង្ការបំផុត ដើម្បីបង្ខំឱ្យភាគីថៃសងយុត្តិធម៌ និងប៉ះប៉ូវរាល់ការខូចខាតទាំងឡាយណាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ពួកគេមកលើប្រជាជាតិយើង។ យុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរយើង។
ដើម្បីឆ្លើយតបចំពោះមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់និងដ៏សែនឈឺចាប់នេះ យើងត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាងជាតិយើងឱ្យខ្លាំង រឹងមាំ និងមានភាពម្ចាស់ការទាំងស្រុងលើជោគវាសនាខ្លួនឯង។ យើងត្រូវតែមានភាពក្លាហានក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរដ្ឋឱ្យបានស៊ីជម្រៅ ព្រោះកំណែទម្រង់ផ្ទៃក្នុងដ៏ពិតប្រាកដ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតសម្រាប់ពង្រឹងភាពរឹងមាំនៃជាតិសាសន៍យើង។
យើងមិនត្រូវការគ្រាន់តែគោលនយោបាយដែលតាក់តែងឡើងយ៉ាងពិរោះត្រឹមតែនៅលើក្រដាសទេ ប៉ុន្តែអ្វីដែលយើងត្រូវការជាចាំបាច់គឺគោលនយោបាយដែលអាចអនុវត្តបាននិងផ្ដល់លទ្ធផលជាក់ស្ដែងជូនប្រជាជននិងសង្គមជាតិ។ ជាចំណាត់ការអាទិភាពចំពោះមុខ យើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ដែលជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់រាស្ត្រ និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាន។
ទន្ទឹមនឹងនេះ យើងត្រូវតែហ៊ានប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ» (Meritocracy) ឱ្យបានពិតប្រាកដនិងមានឆន្ទៈមោះមុតក្នុងការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋបាលនិងមុខតំណែងសំពីងសំពោងដែលលើសពីសេចក្ដីត្រូវការជាក់ស្ដែង និងដែលកំពុងបង្ហិនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ រដ្ឋបាលជាតិមានបរិយាបន្ន ស្អាតស្អំ និងមានប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃភាពធន់នៃស្ថាប័នជាតិ។
យើងត្រូវតែធ្វើកំណែទម្រង់វិស័យការពារជាតិជាបន្ទាន់និងស៊ីជម្រៅបំផុត។ វិស័យការពារជាតិមួយដែលរឹងមាំ មិនមែនអាស្រ័យតែទៅលើការបំពាក់នូវសព្វាវុធនិងបច្ចេកវិទ្យាទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាគ្រឹះដ៏សំខាន់បំផុត គឺការកសាងកងទ័ពដែលមានវិន័យម៉ឺងម៉ាត់ មានវិជ្ជាជីវៈខ្ពស់ និងមានស្មារតីស្នេហាជាតិឥតងាករេ។ ទន្ទឹមនឹងនេះ យើងត្រូវតែបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ពឱ្យអស់ ដើម្បីធានាថា ជីវភាពនិងសុខុមាលភាពរបស់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត។ កងទ័ពដែលខ្លាំងពិតប្រាកដ គឺជាកងទ័ពដែលប្រជាជនស្រឡាញ់ពេញចិត្តនិងជាកងទ័ពដែលសត្រូវកោតញញើតគ្រប់ពេលវេលា។
យើងត្រូវតែធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិឱ្យមានពិពិធភាពនិងភាពធន់ខ្ពស់បំផុត។ យើងមិនអាចបន្តពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ចតែមួយច្រកឬផ្អែកលើការអនុគ្រោះពីបរទេសបានទៀតឡើយ។ យើងត្រូវតែកសាងគ្រឹះនៃភាពធន់តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពង្រឹងផលិតកម្មក្នុងស្រុកឱ្យមានភាពម្ចាស់ការ និងកាត់បន្ថយជាអតិបរមានូវការនាំចូលទំនិញពីប្រទេសដែលកំពុងឈ្លានពានយើង។ សេដ្ឋកិច្ចដែលខ្លាំងនិងមានភាពឯករាជ្យ គឺជាបង្អែកដ៏មានឥទ្ធិពលបំផុតសម្រាប់វិស័យការពារជាតិដ៏រឹងមាំ និងជាខែលការពារអធិបតេយ្យជាតិឱ្យបានគង់វង្ស។
យើងត្រូវតែផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការកសាងមូលធនមនុស្ស ដើម្បីជាគ្រឹះនៃអំណាចជាតិយើង។ យើងត្រូវតែបណ្ដុះបណ្ដាលយុវជនឱ្យមានគុណភាពនិងផលិតភាពខ្ពស់ប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ គុណធម៌ សុខភាពល្អមាំមួន និងមានមនសិការស្នេហាជាតិដ៏មុតស្រួច។ ក្នុងន័យនេះ រដ្ឋនិងវិស័យឯកជនត្រូវតែចាប់ដៃគ្នាបង្កើត «មូលនិធិកសាងមូលធនមនុស្សកម្រិតខ្ពស់» ដោយចាក់បញ្ចូលថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។
យើងត្រូវមានកម្មវិធីផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ដើម្បីបញ្ជូននិស្សិតឆ្នើមទៅសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ព្រមទាំងត្រូវពង្រឹងនិងបង្កើតសាកលវិទ្យាល័យដែលមានគុណភាពកម្រិតអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផ្ទាល់ដើម្បីបណ្ដុះធនធានយុវជនបន្តវេន។ យុវជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដែលនៅសេសសល់និងជាអ្នកលាងជម្រះនូវភាពអាម៉ាស់ពីអតីតកាល។
យើងត្រូវបណ្តុះស្មារតីសាមគ្គី ឯកភាពជាតិ និងទស្សនវិជ្ជា ដើម្បីមនុស្សជំនាន់ក្រោយ។ សាមគ្គីនិងឯកភាពជាតិ គឺជាខែលការពារមាតុភូមិដ៏មានអានុភាពបំផុត។ ក្នុងន័យនេះ យើងត្រូវតែលុបបំបាត់ការរើសអើងនយោបាយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលផ្តល់ឱកាសឱ្យសត្រូវរុញច្រានមហិច្ឆតារបស់គេ និងត្រូវលើកកម្ពស់យុត្តិធម៌សង្គម។
យើងត្រូវគិតគូរដល់អនាគតយូរអង្វែងសម្រាប់ជាតិយើង។ អ្នកដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការ ត្រូវគិតដល់ «មនុស្សជំនាន់ក្រោយ» ជាធំ ជាជាងគិតតែពីការឈ្នះឆ្នោតក្នុង «អាណត្តិក្រោយ»។ អ្នកដឹកនាំនិងអ្នកនយោបាយត្រូវប្រាកដក្នុងចិត្តថា ការសម្រេចចិត្តរបស់ខ្លួននៅថ្ងៃនេះត្រូវធានាថា កូនខ្មែររាប់រយរាប់ពាន់ឆ្នាំខាងមុខ នៅតែមានទឹកដីរស់នៅនិងមានកិត្តិយសលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការកសាងកម្លាំងផ្ទៃក្នុង យើងត្រូវតែធ្វើពិពិធកម្មការទូត និងប្រកាន់ខ្ជាប់នូវនយោបាយការបរទេសដែលឆ្លាតវៃ (Smart), បត់បែន (Flexible), រហ័សរហួន (Agile), ប្រកបដោយគោលការណ៍ (Principled) និងជាក់ស្តែងនិយម (Pragmatic) ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដើម្បីកសាងរបងការពារអធិបតេយ្យជាតិ និងធានាការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិឱ្យបានជាដាច់ខាត។ នយោបាយការបរទេសនេះមិនត្រឹមតែជាការចរចានៅលើតុប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមរភូមិការពារជាតិដោយមិនប្រើគ្រាប់កាំភ្លើង ដែលត្រូវប្រើប្រាស់យន្តការច្បាប់និងសម្ព័ន្ធភាពអន្តរជាតិដើម្បីលាតត្រដាងមហិច្ឆតាវាតទីនិយមគ្រប់រូបភាព ព្រមទាំងជំរុញការទូតសេដ្ឋកិច្ចឱ្យមានភាពម្ចាស់ការ ដើម្បីពង្រឹងសំឡេងរបស់ខ្មែរយើងលើឆាកអន្តរជាតិឱ្យកាន់តែមានអំណាចនិងសេចក្តីថ្លៃថ្នូរ។
ទន្ទឹមនឹងនេះ យើងត្រូវតែលើកកម្ពស់ការទូតព័ត៌មានឱ្យបានមុតស្រួចតាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងការតភ្ជាប់យ៉ាងសកម្មជាមួយបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ដើម្បីបកស្រាយសច្ចភាពនិងផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោក។ យើងត្រូវប្រើប្រាស់ឥទ្ធិពលនៃព័ត៌មានពិត ជាអាវុធយុទ្ធសាស្ត្រសម្រាប់វាយបកទៅនឹងរាល់ការបំភ្លៃការពិត និងល្បិចលាបពណ៌សម្អុយឈ្មោះពីសំណាក់សត្រូវឈ្លានពាន ព្រមទាំងបង្ហាញឱ្យពិភពលោកបានឃើញច្បាស់នូវភាពត្រឹមត្រូវ យុត្តិធម៌ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិយើងក្នុងការការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យជាតិ។
ជារួម យើងត្រូវដក់ជាប់ក្នុងមនសិការជានិច្ចថា ភ្លើងសង្គ្រាមមិនមែនរលត់ទៅវិញត្រឹមតែនៅពេលដែលស្នូរអាវុធត្រូវបានស្ងប់ស្ងាត់នោះឡើយ ប៉ុន្តែវានៅតែបន្តឆេះរោលរាលក្នុងសុខភាពផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ច និងជោគវាសនាអនាគតរបស់ប្រជាជនខ្មែរគ្រប់រូប។ មានតែតាមរយៈការកសាងជាតិឱ្យរឹងមាំពីខាងក្នុង តាមរយៈការសម្អាតផ្ទះយើងឱ្យស្អាត លុបបំបាត់អំពើពុករលួយនិងបក្សពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ការពង្រឹងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់ខ្ជាប់នយោបាយការបរទេសឆ្លាតវៃ និងពង្រឹងការទូតព័ត៌មានដើម្បីផ្សាយសច្ចភាពពីកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងការពង្រឹងឯកភាពជាតិដ៏រឹងមាំដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាខែលប្រកបដោយមហានុភាព ដែលគ្មានមហិច្ឆតាឈ្លានពានណាមួយអាចមកបំបែកបំបាក់ឬបំផ្លាញអធិបតេយ្យនិងបូរណភាពទឹកដីយើងបានឡើយ»៕
អត្ថបទ៖ ប៊ី


