អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ថា ជាផ្នែកមួយនៃការបន្តដំណើរកែទម្រង់ធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឥតឈប់ឈរជាបន្តបន្ទាប់ និងដោយប្រកាន់ខ្ជាប់នូវជំហរនិងស្មារតីបុរេសកម្ម អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីឆែតបត់ ពន្ធដារ ហៅថា “បូណ៌មី” (GDT Chatbot – “BEAURAMEI”) ដើម្បីបន្តបង្កើនគុណភាពនៃការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងពន្ធដារជូនអ្នកជាប់ពន្ធ និងសាធារណជន (អ្នកប្រើប្រាស់) ជាពិសេសការទទួលបានព័ត៌មានពាក់ព័ន្ធនឹងពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងមានលក្ខណៈសាមញ្ញបន្ថែមទៀត។
តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligent – AI) ជំនួសមនុស្សសម្រាប់ឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់ក្នុងការសន្ទនា ឆ្លើយឆ្លង និងសាកសួររកព័ត៌មានចាំបាច់នានាពាក់ព័ន្ធនឹងប្រធានបទពន្ធដារ តាមរយៈសារឆ្លើយឆ្លងជាទម្រង់អក្សរ (Text Messages) កម្មវិធីឆែតបត់ពន្ធដារ “បូណ៌មី” (GDT Chatbot – “BEAURAMEI”) នេះ ផ្តល់ជាមធ្យោបាយទំនើបថ្មី និងទាន់សម័យបន្ថែមពីលើមធ្យោបាយផ្តល់ព័ត៌មានក្នុងពេលបច្ចុប្បន្ន ដែលធ្វើឡើងដោយមនុស្សផ្ទាល់ ឬតាមរយៈសារអេឡិចត្រូនិក។

កម្មវិធីចែតបត់ពន្ធដារ “បូណ៌មី” (GDT Chatbot – “BEAURAMEI”) គឺជាកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដែលត្រូវបានអភិវឌ្ឍ និងធ្វើរចនាបទឡើងដោយអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់បំពេញមុខងារស្រដៀងគ្នាទៅនឹងទម្រង់សន្ទនារវាងមនុស្សនឹងមនុស្ស តាមរយៈសារឆ្លើយឆ្លងជាទម្រង់អក្សរ (Text Messages) សម្រាប់អ្នកប្រើប្រាស់ធ្វើការសន្ទនាឆ្លើយឆ្លងជាសំណួរ-ចម្លើយពាក់ព័ន្ធ នឹងប្រធានបទពន្ធដារ។
“បូណ៌មី / BEAURAMEI” មានសមត្ថភាពសន្ទនាឆ្លើយឆ្លងជាមួយអ្នកប្រើប្រាស់ក្នុងទម្រង់សារ ជាអក្សរ (Text Message) ដែលផ្តល់ជាព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដើម្បី គាំទ្ររាល់ការឆ្លើយតបរបស់ “បូណ៌មី / BEAURAMEI” ព្រមទាំងផ្តល់ជាជម្រើសសំណួរពាក់ព័ន្ធបន្ថែមសម្រាប់អ្នកប្រើប្រាស់សាកសួរថែមទៀត ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត និងចំគោលដៅស្របតាមតម្រូវការជាក់ស្តែង។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធីឆែតបត់ពន្ធដារ ហៅថា “បូណ៌មី” នេះ ទើបតែត្រូវបានអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ជំនាន់ទីមួយ (Version 1) នៅឡើយ នោះមានន័យថាគឺមិនទាន់អាចសន្ទនាឆ្លើយឆ្លងរាល់ចម្ងល់បានគ្រប់ជ្រុងជ្រោយស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងស្រុងភ្លាមៗនោះទេ គឺទាមទារពេលវេលាក្នុងការបន្តបង្កើនសមត្ថភាព និងបំពាក់ភាពឆ្លាតវៃឱ្យ “បូណ៌មី / BEAURAMEI” ជាបន្តបន្ទាប់ទៅទៀត ដែលប្រៀបបានទៅនឹងដំណើរវិវឌ្ឍនៃការយល់ដឹងនិងភាពវាងវៃរបស់មនុស្សពីវ័យក្មេងទៅវ័យចាស់ផងដែរ ដែលមានន័យថា អគ្គនាយកដ្ឋានពន្ធដារនឹងបន្តខិតខំកែលម្អ និងកែ សម្រួលចំណុចខ្វះខាតនានាជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងភាពឆ្លាតវៃរបស់កម្មវិធីនេះឱ្យបានប្រសើរឡើងជាបន្ត បន្ទាប់ទៅមុខ តាមរយៈការទទួលមតិយោបល់ត្រឡប់ (Feedback) និងធាតុចូលល្អៗពីសំណាក់អ្នកប្រើប្រាស់៕



អត្ថបទ៖ ប៊ី


