សហគមន៍កសិកម្មទំនើបចំនួន ២ និងក្រុមហ៊ុនបៃតង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤ លានដុល្លារ»

កិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤ លានដុល្លារ» ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន ២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងក្រសួង ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។

តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យនៃខេត្តបន្ទាយមានជ័យនិងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នឹងធានាការផ្គត់ផ្គង់ស្រូវសែនក្រអូបក្នុងបរិមាណជិត ១០០០០ តោន ក្នុងអំឡុងពេល ៤ ខែខាងមុខទៀត។

តាមដានជាមួយយើង៖ Million Times

ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ក៏ផលិតកម្មកសិកម្មនៅតែត្រូវបន្តទៅមុខជានិច្ច។ ក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាកសិករយើង ជាពិសេសតាមរយៈយន្តការសហគមន៍កសិកម្មទំនើប ដែលផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកទីផ្សារ ដើមទុន បច្ចេកទេស និងការកាត់បន្ថយថ្លៃដើម.

សហគមន៍កសិកម្មទំនើប​ គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី ៦ របស់រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០២៣។ លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី ៥០ គ្រួសារឡើង។

ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ​, ការៀបចំធ្វើផែនការអាជីវកម្ម​ និងនីតិវិធី ផ្សេងៗទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕

អត្ថបទ៖ ប៊ី