ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប លោកអ្នកឧកញ៉ា ភាព ហៀក បានបង្ហាញទឹកមុខស្រស់បំព្រង នាថ្ងៃភ្ជាប់ពាក្យចៅប្រុសឈ្មោះ អ៊ឹង ពិសិដ្ឋ ដែលជាកូនប្រុសរបស់លោកអ្នកឧកញ៉ា លាង ឃុន។

កូនកំលោះ អ៊ឹង ពិសិដ្ឋ និងកូនក្រមុំ សុខ ឡារីតា ពិតជាស្រស់សង្ហា និងស្រស់សោភា ស័ក្តិសមជាគូនឹងគ្នាពិតៗទាំងរូបសម្បត្តិ ចរិយាសម្បត្តិ និងចំណេះដឹង។ អ្នកទាំង ២ បានភ្ជាប់ពាក្យកាលពីថ្ងៃ ២៣ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ
ថ្ងៃសិរីសួស្ដី និងជ័យមង្គលក្នុងក្រុមគ្រួសារយ៉ាងសប្បាយរីករាយ ក៏ជាពេលវេលាជួបជុំកូនចៅទាំងអស់គ្នាផងដែរ។ មិនថាជាកូនកំលោះ និងកូនក្រមុំប៉ុណ្ណោះទេ ដែលបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយ សូម្បីតែភ្ញៀវដែលចូលរួមក៏សុទ្ធសឹងតែរៀបរយក្នុងស្លៀកបំពាក់បែបប្រពៃណី និងសម័យ។
ក្នុងនាមជាជីដូនម្នាក់ ពិតជារំភើប និងឃើញចៅៗរកឃើញគូគ្រងបានល្អ និងស្រលាញ់ ថែរក្សាគ្នា។ រូបភាព១សន្លឹកដែលមានទាំងកូនប្រុសស្រី និងចៅបង្កើតជាច្រើនឈរជុំអម ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប លោកអ្នកឧកញ៉ា ភាព ហៀក បង្ហាញពីភាពសប្បាយរីករាយ ព្រមទាំងសុភមង្គលក្នុងគ្រួសារធំមួយ។



មិនត្រឹមតែមានភ្ញៀវកិត្តិយសជាអ្នកជំនួញធំៗលំដាប់ប្រទេសប៉ុណ្ណោះទេ អ្នកមុខអ្នកការ មន្រ្តីរាជការជើងចាស់ជាច្រើនរូប ក៏បានបង្ហាញវត្តមានជាចាស់ទុំក្នុងកម្មវិធីនោះផងដែរ៕







អត្ថបទ៖ ឆដា, រូបភាព៖ one memory


