គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ក្នុងឆ្នាំ ២០២៥

គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៦.៥១%  ក្នុងរយៈពេល ១ ឆ្នាំ ២០២៥ នេះ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។

ចំណែកការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង ២០ ម៉ឺននាក់ ទទួលបានថវិកា ជាង ៣០ ម៉ឺនដុល្លារ។ ភ្ញៀវបរទេសចូលទស្សនាប្រសាទ បេងមាលា មានចំនួន ១ម៉ឺន៦ពាន់ ទទួលបានថវិកា ប្រមាណជាង១៦ម៉ឺនដុល្លារ។

តាមរបាយការណ៍ ភ្ញៀវទេសចរអាមេរិក ឈរនៅលេខរៀងទី ១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មក អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់។

ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង ១.៩ លានដុល្លារផងដែរ ក្នុងរយៈពេល១ឆ្នាំនេះ។

តាមដានជាមួយយើង៖ Million Times

គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈប្រាសាទបុរាណដ៏ល្បីល្បាញជាច្រើន ហើយមានប្រាសាទបុរាណសំខាន់ៗមួយចំនួន ដែលអ្នកទស្សនាមិនគួរមើលរំលងពេលមកដល់ទឹកដីខេត្តសៀមរាប។ ប្រាសាទមួយចំនួននោះរួមមាន៖ ប្រាសាទបន្ទាយស្រី ប្រាសាទព្រះបាលិលេយ្យ ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងប្រាសាទបេងមាលា ។

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។

ប្រាសាទអង្គរ មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។

ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង៕

អត្ថបទ៖ ប៊ី