ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ឆ្នាំ ២០២៦ រំពឹងថានឹងមានទំហំទឹកប្រាក់ប្រមាណ ២១៧ ០៦៣ប៊ីលានរៀល ស្មើនឹងនឹងជាង ៥៣ ពាន់លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ៣ ០២០ដុល្លារ។ នេះបើយោងតាមសេចក្ដីថ្លែងហេតុ អំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។
សេចក្តីថ្លែងហេតុខាងលើ បានឱ្យដឹងថា សម្រាប់កម្ពុជា តាមការវាយតម្លៃឡើងវិញសម្រាប់រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ដោយផ្អែក លើការវិវត្តនៃកត្តាចម្បងពីរគឺ (ទី១)-ការចាប់ផ្តើមអនុវត្តជាអចិន្ត្រៃយ៍នូវពន្ធគយបដិការក្នុងអត្រា ១៩% ចាប់ពីខែសីហា ឆ្នាំ២០២៥ និង (ទី២)-ភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ បណ្តាលមកពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា និងការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ បានបន្ទច់ បង្អាក់ដល់ផ្នែកមួយចំនួននៃចរន្តសេដ្ឋកិច្ច ហើយស្ថានភាពនេះក៏អាចបន្តអូសបន្លាយដល់ឆ្នាំ២០២៦ ខាងមុខ។
តាមរយៈការវាយតម្លៃឡើងវិញនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ដែលអត្រាកំណើននេះ គឺប្រហាក់ប្រហែលនឹងការវាយតម្លៃនៅពេលរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៦-២០២៨ ដោយគ្រាន់តែមានការកែតម្រូវអត្រាកំណើនតាមវិស័យនិងអនុវិស័យ។

លើមូលដ្ឋាននៃការវាយតម្លៃនេះដែរ ផ.ស.ស. ថ្លៃបច្ចុប្បន្នឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៣ ៧៩៥ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់៣ ០២០ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារ អាមេរិកក្នុងឆ្នាំ២០២៥។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥-២០៣០» កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយនេះ តាមរយៈការខិតខំឥតស្រាកស្រាន្ត និងការកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល កម្ពុជា បន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បន្ថែមលើនេះ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពតំបន់ និងសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់ ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ការប្រែប្រួលអាកាសធាតុ ។ល។
អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ៖«បច្ចុប្បន្ននេះ ទោះបីត្រូវប្រឈមនឹងការដាក់ពន្ធគយបដិការ និងការឈ្លានពានលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ នេះ និងប្រមាណ ៥% សម្រាប់ឆ្នាំ ២០២៦ ខាងមុខ»៕
អត្ថបទ៖ ប៊ី


