វិស័យឧស្សាហកម្មនៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៧,២% ក្នុងឆ្នាំ ២០២៦ ដែលជាកំណើនថមថយបើធៀបនឹងកំណើនឆ្នាំ ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថមថយ ប៉ុន្តែជារួម នៅតែជាកំណើនល្អ ដោយសាររោងចក្រ សហគ្រាស មានលទ្ធភាពបន្សំខ្លួនបានបន្តិចម្តងៗ ទៅនឹងរបត់ គោលនយោបាយពាណិជ្ជកម្មនិងសមតាពាណិជ្ជកម្មថ្មីនេះ។
នេះបើយោងតាមសេចក្ដីថ្លែងហេតុ អំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយ កាលពីចុងសប្តាហ៍មុន។

ជាក់ស្តែង អនុវិស័យកាត់ដេរ ត្រូវបានព្យាករថានឹងបន្តរក្សាបាននូវចលនការកំណើន ត្បិតការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក អាចប្រឈមនឹងហានិភ័យនៃការថមថយតម្រូវការ ប៉ុន្តែនៅបន្តគាំទ្រដោយនិន្នាការវិជ្ជមាននៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា (ផ្នែកតម្រូវការ) មួយចំនួនដូចជាសហភាពអឺរ៉ុប និងអាស៊ានជាដើម គួបផ្សំនឹងការពង្រឹង ការអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបកម្ពុជា ២០២២-២០២៧» ដែលនឹងលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែង (ផ្នែកផ្គត់ផ្គង់) ក៏ដូចជាចូលរួម បង្កើនតម្លៃបន្ថែមក្នុងអនុវិស័យនេះជារួម។
អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថា នឹងមានកំណើនងើបមកវិញក្នុងឆ្នាំ ២០២៦ ប៉ុន្តែក្នុងល្បឿនទាប ដោយម៉្យាងមានការជំរុញការនាំចេញ ផលិតផលឧស្សាហកម្មយុទ្ធសាស្ត្រសំខាន់ៗ ក្រោមរបត់គោលនយោបាយពាណិជ្ជកម្មថ្មី និងម៉្យាងទៀត ឧស្សាហកម្មបម្រើទីផ្សារក្នុងស្រុកក៏បន្តទទួលរងនូវកម្មវិបាក ដោយសារការបិទខ្ទប់ច្រកព្រំដែនគោកកម្ពុជា-ថៃ ដែលការណ៍នេះអាចបន្ទច់បង្អាក់ដល់សមត្ថភាព និងសក្តានុពលផលិតកម្មរបស់រោងចក្រសហគ្រាសមួយចំនួន។

ជាមួយគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងអនុវិស័យភេសជ្ជៈនិងថ្នាំជក់ រំពឹងថានឹងបន្តនិន្នាការកើនឡើង ដែលជំរុញដោយការបន្តបង្កើនសកម្មភាពវិនិយោគនិងផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក គួបផ្សំនឹងចលនានៃការងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។
អនុវិស័យសំណង់ ត្រូវបានព្យាករថានឹងបន្តងើប ប៉ុន្តែក្នុងសភាពយឺត ហើយនៅមានកំណើនទាបជាងនិន្នាការមុនវិបត្តិជំងឺកូវីដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋានឆ្លើយតបទៅនឹងតម្រូវការពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្មមួយចំនួន ដូចជា រោងចក្រនិងឃ្លាំងជាដើម ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃអនុវិស័យនេះក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ៕
អត្ថបទ៖ ប៊ី


