ក្នុងការចូលរួមចំណែករបស់ជាតិសំណៅទី៣ បានរំលេចឱ្យឃើញថា ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ កម្ពុជាត្រូវការហិរញ្ញប្បទានចំនួន ៣២,២ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦-២០៣៥ ដើម្បីសម្រេចបាននូវគោលដៅនៃការសម្រប និងការបន្សំានឹងការប្រែប្រួលអាកាសធាតុ ដោយគូសបញ្ជាក់អំពីទំហំ ដែលត្រូវការការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេស និងចក្ខុវិស័យនៃការបំភាយឧស្ម័នកាបូនកម្រិតសូន្យ (Net-Zero) ត្រឹមឆ្នាំ២០៥០។
នេះបើយោងតាមរបាយការណ៍រួមថ្មីរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន។
ដើម្បីសម្រេចគោលដៅនេះ តម្រូវឱ្យមានការ ប្តេជ្ញាចិត្តដាក់ចេញនូវគោលនយោបាយលើគម្រោងដែលអាចទទួលបាននូវហិរញ្ញប្បទាន និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគ ជាពិសេសលើសពីហេដ្ឋារចនាសម្ព័ន្ធប្រពៃណី.
របាយការណ៍រួមថ្មីរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលមានចំណងជើងថា “ការកសាង Pipelines គម្រោងបៃតងដែលអាចទទួលបាននូវហិរញ្ញប្បទានក្នុងវិស័យមិនមែនហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសកម្ពុជា” ផ្តល់នូវផែនទីបង្ហាញផ្លូវលម្អិតដើម្បីជំរុញការវិនិយោគអាកាសធាតុ។ តាមរយៈកិច្ចពិគ្រោះយោបល់ជាមួយ ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ របាយការណ៍នេះ កំណត់នូវគោលនយោបាយ និងអនុសាសន៍ផ្នែកបទប្បញ្ញត្តិចំនួន ២០ ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញ និងគ្រប់គ្រងការវិនិយោគដែល ស្របតាមអាកាសធាតុ។

របាយការណ៍នេះ គូសបញ្ជាក់ពីកាលានុវត្តភាពសំខាន់ៗក្នុងការជំរុញហិរញ្ញវត្ថុបៃតងនៅក្នុងវិស័យមិនមែន ហេដ្ឋារចនាសម្ព័ន្ធ ដូចជា កសិពាណិជ្ជកម្មប្រកបដោយចីរភាព ប្រសិទ្ធភាពថាមពល ផលិតកម្មវិលជុំ និងការគ្រប់គ្រងធនធាន។ ការពង្រឹងទីផ្សារមូលបត្រក្នុងស្រុក ការពង្រឹងការបង្ហាញព័ត៌មានបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការអភិវឌ្ឍវត្តិករសាស្ត្របៃតងថ្នាក់ជាតិ នឹងជាគន្លឹះក្នុងការកៀរគរហិរញ្ញវត្ថុសម្រាប់វិស័យទាំងនេះ និងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ (ន.ម.ក.) បានមានប្រសាសន៍ថា៖ «ក្នុងនាមជានិយ័តករនៃទីផ្សារមូលបត្រនៅកម្ពុជា ន.ម.ក. បានប្តេជ្ញាចិត្តក្នុងការជំរុញរបៀបវារៈហិរញ្ញវត្ថុប្រកបដោយ ចីរភាពរបស់កម្ពុជាឆ្ពោះទៅមុខ។ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ESCAP និងដៃគូអភិវឌ្ឍន៍ ន.ម.ក. នឹងធ្វើការជាមួយក្រសួងពាក់ព័ន្ធ ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិន ដើម្បីដាក់ចេញនូវផែនការសកម្មភាពសម្រាប់អនុវត្តតាមរយៈអនុសាសន៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ។ ទន្ទឹមនឹងនោះ អនុសាសន៍ដែលបានលើកឡើង នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារបៃតង, ធ្វើឱ្យ ប្រសើរឡើងនូវការទទួលបានហិរញ្ញប្បទាន និងលើកកម្ពស់ការវិនិយោគដែលស្របតាមអាទិភាពនៃគោលដៅ អាកាសធាតុរបស់កម្ពុជា»។
លោក Hamza Ali Malik នាយកការិយាល័យគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ នៃ ESCAP បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តអាកាសធាតុទៅជាឱកាសវិនិយោគជាក់ស្តែង។ តាមរយៈរបាយការណ៍ដែលបាន រៀបចំឡើងដោយមានកិច្ចសហការជាមួយ ន.ម.ក. នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹងបរិយាកាសផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព។ តាមរយៈការតភ្ជាប់អាទិភាពអាកាសធាតុថ្នាក់ជាតិ ជាមួយនឹង Pipelines គម្រោងដែលអាចទទួលបាននូវហិរញ្ញប្បទាននេះ កម្ពុជាអាចបើកផ្លូវឱ្យមានការវិនិយោគបៃតង ដែលបង្កើតបាននូវភាពធន់ និងជំរុញការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ចរយៈពេលវែង»៕
អត្ថបទ៖ ប៊ី


