រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ

រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ឯកឧត្តម Marco Rubio បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។

តាមដានជាមួយយើង៖ Million Times

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក សូមស្វាគមន៍សេចក្តីប្រកាសពីប្រទេសកម្ពុជា និងថៃ ស្តីពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់គេ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ យើងសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ​និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ»។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕

អត្ថបទ៖ ប៊ី