នៅព្រឹកនេះថៃបានរៀបល្បិចផ្សព្វផ្សាយព័ត៌មានរឹបអូសបានសត្វព្រៃពីកាស៊ីណូ នៅថ្មដា ដើម្បីបោកបញ្ឆោតមហាជនទាំងក្នុង និងក្រៅស្រុក។ ក្រោយធ្វើជាបង្ហោះព័ត៌មាននោះ ដើម្បីឲ្យខ្មែរយល់ច្រឡំ ភ្លាមៗមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចេញមកបដិសេធ។


ផេកផ្លូវការរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឲ្យដឹងថា ការចុះផ្សាយរបស់សារព័ត៌មានថៃថា បានរឹបអូសសត្វព្រៃ ៥ ក្បាលក្នុងកាស៊ីណូថ្មដាមួយកន្លែង ក្នុងខេត្តពោធិ៍សាត់ ពីទឹកដីកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ ខណៈនោះជារឿងចាស់កើតឡើងនៅប្រទេសថៃតាំងពីដើមឆ្នាំ។
នៅថ្ងៃ ២៦ ខែធ្នូ ឆ្នាំ ២០២៥ ពេលព្រឹកមិញថៃបានយកព័ត៌មានចាស់កើតឡើងនៅក្នុងប្រទេសខ្លួនមកក្លែងបន្លំជាព័ត៌មានថ្មី ដើម្បីបោកប្រាស់ភ្នែករបស់មហាជនដោយបានសរសេររៀបរាប់ថា៖ «យោធាថៃ បានរឹបអូសសត្វព្រៃចំនួន ៥ ក្បាលចេញពីកាស៊ីណូថ្មដាមួយកន្លែង ក្នុងខេត្តពោធិ៍សាត់ ទៅកាន់ប្រទេសថៃ បន្ទាប់ពីយោធាថៃបានចាប់ផ្ដើមវាយប្រហារតាំងពីថ្ងៃទី៧ ខែធ្នូ រហូតដល់ពេលនេះស្រោចចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ សត្វព្រៃទាំង៥ក្បាលនេះ ត្រូវបានកំណត់អត្តសញ្ញាណថាជាសត្វតោឈ្មោលមួយគូ និងខ្លាឃ្មុំខ្មៅពីរក្បាល និងខ្លាឃ្មុំខ្មៅអាស៊ី ១ ក្បាល។ យោងតាមផែនការរបស់ថៃ បានបញ្ជាក់ថាខ្លាឃ្មុំបីក្បាលនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបង្កាត់ពូជសត្វព្រៃនៅខេត្តឈុនបុរី ខណៈដែលសត្វតោពីរក្បាល នឹងត្រូវផ្ទេរទៅកាន់កន្លែងនានានៅខេត្តរ៉ាចបុរី»។


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់មុននេះបានបកអាក្រាតថៃដែលបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្ហាញថាខ្លួនជា អ្នកស្រលាញ់សត្វព្រៃ តែតាមពិតជាព័ត៌មានចាស់របស់ថៃកន្លងមក។ ទាំងដែលធាតុពិតថៃកំពុងចង់លាងខ្លួន ពីរឿងទម្លាក់គ្រាប់ ហើយអំបែងខ្ទាតទៅប៉ះជាមួយមេដំរី និងកូនដំរីទើបកើត បណ្ដាលឲ្យស្លាប់
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នថៃកំពុងតែឈ្លានពានមកលើកម្ពុជា ដោយបានសម្លាប់មនុស្ស សត្វ និងធម្មជាតិរបស់ភពផែនដី គ្មានចិត្តមេត្តាជាមនុស្សទេ និងទទូចដល់មហាជនកុំចែកចាយព័ត៌មានមិនពិត ដែលធ្វើឲ្យថៃមានឱកាសជាអ្នកមានចិត្តស្រលាញ់សត្វព្រៃ និងធម្មជាតិ ដូចអ្វីដែលបានសម្ដែងនោះ៕




អត្ថបទ៖ ឆដា, រូបភាព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់


