បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម អះអាងថាត្រឹមរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៥ នេះ កម្ពុជារកប្រាក់ចំណូលបានប្រមាណជា ៥៧៤ លានដុល្លារ ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារអន្ដរជាតិ។ បើធៀបជាមួយឆ្នាំមុន គឺមានការថយចុះ ១៦,១៥%។

ប្រធានសមាគមកសិកម្មដំឡូងមីកម្ពុជា លោក អិល ឈិញ បាននិយាយថាទីផ្សារដំឡូងមីនៅតែជាបញ្ហាសម្រាប់កសិករកម្ពុជាក្នុងការដោះស្រាយក្នុងឆ្នាំ ២០២៥ នេះ។ ដោយសារតែតម្លៃដំឡូងមីស្រស់ធ្លាក់ចុះរហូតដល់ទៅ ១៥០ រៀលក្នុងមួយគីឡូក្រាមនៅតាមបណ្ដាខេត្តដូចជា ឧត្តរមានជ័យជាដើម។
ខណៈដែលនៅខេត្តស្ទឹងត្រែង និងបណ្ដាខេត្តមួយចំនួនទៀតវិញ អាចលក់បាន ២៥០ រៀលក្នុងមួយគីឡូក្រាម។ ស្របពេលលោក ងិន ឆាយ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មវិញ បញ្ជាក់ដែរថាការ នាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករកម្ពុជាបានកែច្នៃដំឡូងមីស្រស់ ទៅជាក្រៀម និងខ្លះច្នៃទៅជាម្សៅតែម្ដង ដើម្បីរក្សាទុកបានយូរ និងមានតម្លៃខ្ពស់ជាងលក់ស្រស់។

ចំពោះករណីខាងលើនេះដែរ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «យើងត្រូវធ្វើពិពិធកម្មមុខទំនិញជាអនុផលទំនិញកសិកម្មសក្ដានុពលរបស់យើងមានដូចជា ស្រូវ-អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយម្រេច មៀនប៉ៃលិនជាដើម»។
នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត


