ក្រុមហ៊ុនមី Indomie របស់ឥណ្ឌូណេស៊ី នឹងបើករោងចក្រនៅទឹកដីខ្មែរ

កាលពី​ថ្ងៃ ១៩ ខែ​ធ្នូ ឆ្នាំ ២០២៥ លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​អញ្ជើញ​តំណាង​ក្រសួង-ស្ថាប័ន និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធនានា ចូល​រួម​ក្នុងអង្គ​ប្រជុំ​ច្រក​ចេញ​ចូល​តែ​មួយ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ១៣ គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៣២៣ លាន​ដុល្លារ។

តាមដានជាមួយយើង៖ Million Times

គម្រោង​ទាំង​នោះ អាច​បង្កើត​ការងារ​បាន​ប្រមាណ ៧ ពាន់កន្លែង និង​មាន​មុខ​សញ្ញា​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម ១២ គម្រោង និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ១ គម្រោង ហើយក៏មាន​គម្រោង​របស់​ក្រុមហ៊ុន​មី Indomie របស់​ឥណ្ឌូណេស៊ីផង​ដែរ នេះ​បើ​យោង​តាម​រយៈ​រូបភាព​នៃ​កិច្ច​ប្រជុំ​នោះ។

ក្នុង ១៣ គម្រោង​នោះ​មាន​ផលិត​ផល​គ្រឿង​សម្អាង, ផ្គុំ​ដំឡើង​បរិក្ខារ​អគ្គិសនី, ផលិត​ក្រណាត់ ជ្រលក់​ពណ៌ និង​ផលិតផល​វាយនភណ្ឌ, ផលិត​សម្ភារៈ​ផ្ទះបាយ, ផ្គុំ​ដំឡើង​រថយន្ត, ផលិត​មី​និង​គ្រឿង​បន្សំ​សម្រាប់​មី, ផលិត​សម្ភារៈ​បោះជំរំ សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ, ផលិត​ផើង​ផ្កា និង​សម្ភារៈ​តុបតែង​លម្អ​ក្នុង​សួនច្បារ​គ្រប់​ប្រភេទ, ផលិត​គ្រឿង​សង្ហារិម, ផលិត​ផលិតផល​កម្ចាត់​សត្វល្អិត។

ចំណែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ១ គម្រោង គឺ​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ខ្យល់​អានុភាព ១៥០ មេហ្កាវ៉ាត់។

គម្រោងវិនិយោគទាំង១៣ដូចបានរៀបរាប់ខាងលើនេះ បាន​បោះ​ទីតាំង​នៅ​ខេត្ត​កណ្ដាល, តាកែវ កំពង់ស្ពឺ, កំពង់ឆ្នាំង, បាត់ដំបង និង​មណ្ឌលគិរី៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា