រដ្ឋាភិបាល បាននិងកំពុងពិនិត្យ និងរៀបចំគោលនយោបាយថ្មី ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងរុញការអភិវឌ្ឍនគរូបនីយកម្ម។
កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋានរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្ដិព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី លោកជំទាវអគ្គទេសាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជា “គោលនយោបាយថ្មី” ដែលជាការធ្វើបច្ចុប្បន្នកម្មជំនួសឱ្យ “គោលនយោបាយស្ដីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧”, «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្ដីពីលំនៅឋាន ឆ្នាំ ២០១៤ និងធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
“គោលនយោបាយថ្មី” នេះ មានគោលបំណង៖ ១. ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្ដែងរបស់សិស្ស, និស្សិត, កម្មករនិយោជិត, និងអ្នកធ្វើចំណាកស្រុក និង ២. ជំរុញការអភិវឌ្ឍនគរូបនីយកម្ម។
ដើម្បីសម្រេចគោលបំណងខាងលើ, “សេចក្ដីព្រាងគោលនយោបាយ” នេះបានបញ្ចូលនូវទិដ្ឋភាពថ្មី ចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយ ឆ្នាំ ២០១៧ រួមមាន៖
១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និង វិស័យឯកជន,
២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និង យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និង លំនៅឋានតម្លៃសមរម្យសម្រាប់ជួល,
៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង អតិថិជនគោលដៅសម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច, និង
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។

ទន្ទឹមនេះ, ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍលំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និង ជួល), “គោលនយោបាយថ្មី” នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី, ធម្យម, និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សា និងកែសម្រួលលើចំណុចគន្លឹះមួយចំនួន និង បានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមលើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមានភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាងឯកសារ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ» នេះ។
ជាចុងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុងការផ្ដល់យោបល់កែលម្អជាបន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលបានខិតខំដឹកនាំធ្វើការសិក្សា និងកែសម្រួលនាពេលកន្លងមក ដែលធ្វើឱ្យសេចក្ដីព្រាងនៃឯកសារ “គោលនយោបាយថ្មី” នេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ ប៊ី


